រាជធានីភ្នំពេញ៖ ជនសង្ស័យចំនួន ២នាក់ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីលួចសម្ភារៈរបស់ប្រជាពលរដ្ឋ ហើយត្រូវបាន កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ធ្វើការចាប់ឃាត់ខ្លួន នៅវេលាម៉ោង ២និង៣០នាទី រសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ ១៦៥B ផ្លូវ១៧៣ ក្រុម០៤ ភូមិ០១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានរួមមាន ៖ ១-ឈ្មោះ ម៉ាក់ ចំរើន ហៅអាម៉ៅ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ មុខរបរ រើសអេតចាយ. (ប្រើប្រាស់ថ្នាំញៀន) , ២-ឈ្មោះ ម៉ៅ រស្មី ហៅស្មី ភេទប្រុស ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ មុខរបរ រើសអេតចាយ (ប្រើប្រាស់ថ្នាំញៀន)។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា មុនពេលកើតហេតុវេលាម៉ោងប្រហែល ១២ និង៤០នាទី ជនសង្ស័យទាំង០២នាក់ បានជិះកង់០១គ្រឿង ចេញពីម្ដុំក្បាលថ្នល់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ គោលបំណងរើសអេតចាយ ពេលជិះកង់ឌុបគ្នាមកដល់ម្ដុំចំហៀងរបងស្ថានទូតចិន កន្លែងកើតហេតុ ដែលជាផ្ទះគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងកា្លយ បានបិទចាក់សោរទ្វាររបងទុកចោល ភ្លាមនោះជនសង្ស័យឈ្មោះ ម៉ាក់ ចំរើន ហៅអាម៉ៅ បានឡើងរបងចូលលួចសម្ភារៈដូចជា កំណាត់ខ្សែភ្លើង , ខ្នើយកើយ, និងកម្ទិចកម្ទីអេតចាយមួយចំនួនទៀត ចំណែកជនសង្ស័យឈ្មោះ ម៉ៅ រស្មី ហៅស្មី រងចាំទទួលសម្ភារៈនៅខាងក្រៅរបង។
វត្ថុតាងចាប់យក៖ កង់ចំនួន០១គ្រឿង ពណ៌ទឹកប្រាក់, កំណាត់ខ្សែភ្លើង ចំនួន០១បាវ, ខ្នើយកើយ ចំនួន០៣ ។
បច្ចប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕ ប្រភព៖ គេហទំព័រស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ