រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់ មនុស្សចំនួន២នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ខណៈជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលមកបុកនឹងរថយន្តស្ទូចមួយគ្រឿង ដែលបម្រុងនឹងឆ្លង តែឈប់ធ្មឹងព្រោះឃើញម៉ូតូនោះមកលឿនពេកមិនហ៊ានបើកទៅស្រាប់តែម៉ូតូនោះ មកបុកពេញទំហឹងតែម្តង សង្ស័យទប់ល្បឿនម៉ូតូលែងជាប់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង០៥នាទី ថ្ងៃត្រង់ទី១ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចច្រកចូលឱកាសខ្ញុំ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បើតាមសម្តីរបស់អ្នកបើកបររថយន្តបានប្រាប់ TVFB ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តតាមបណ្តផយផ្លូវខាងលើ ដោយបើកយឺតៗបម្រុងនឹងឆ្លង ដោយមានស៊ីញ៉ូត្រឹមត្រូវ តែមិនទាន់បានឆ្លងទេ ព្រោះឃើញម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ជិះឌុបគ្នា២នាក់ មកលឿនពេក គាត់ក៏ឈប់រថយន្តនៅស្ងៀម ស្រាប់តែម៉ូតូនោះ សង្ស័យទប់នឹងល្បឿនម៉ូតូមិនទាន់ បានជ្រុលមកបុករថយន្តស្ទូចរថយន្តគាត់ពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ទាំង២នាក់តែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍មូលដ្ឋាន បានចុះមកធ្វើការវាស់វែង និងយករថយន្ត រួមទាំងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕