នគរបាលខណ្ឌដង្កោ ឃាត់ខ្លួនបានជនសង្ស័យជាចោរដៃស្អិតម្នាក់ ខណៈម្នាក់ទៀតរត់បាត់ ក្រោយឆក់កាបូបពីស្ត្រីម្នាក់មិនសម្រេច ដួលទៅលើដងផ្លូវ
សន្តិសុខសង្គម
244

រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រៃស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ក្រោមការបញ្ជាផ្ទាល់ពីលោកវរៈសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ធ្វើការចាប់ឃាត់ខ្លួនបាន ក្រោយជនសង្ស័យរូបនេះ បានធ្វើសកម្មភាព ឆក់យកកាបូបស្ពាយរបស់ជនរងគ្រោះ ដែលកំពុងជិះតាមផ្លូវ តែត្រូវជនរងគ្រោះ ទាញកន្ត្រាក់យកមកវិញ បណ្តាលឲ្យដួលម៉ូតូទាំង២គ្រឿង និងស្រែកឆោឡោថា ចោរៗ ធ្វើឲ្យជនសង្ស័យភ័យរត់គេចខ្លួនចោលម៉ូតូ កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ មុខបុរីទ្រីគីម ផ្លូវ៣០ម៉ែត្រ ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ តែត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗ។

លោកវរៈសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់ក្រុមការងារTVFB ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ អោ សុខន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ស្នាក់នៅបន្ទប់ជួល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន) ដកហូតបានម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង ។ ចំណែកជនរងគ្រោះឈ្មោះ ឆុន ស៊ីថាត ភេទស្រី អាយុ៥២ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិព្រៃល្ង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដែលក្រុមការងារ TVFB ទទួលបាន បានបញ្ជាក់ថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានជិះម៉ូតូ០១គ្រឿងម៉ូតូម៉ាកឆាលី ចេញពីកន្លែងលក់ផ្លែឈើ ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ត្រឡប់មកផ្ទះនៅភូមិព្រៃល្ងរ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដោយបានស្ពាយកាបូបពណ៌ខ្មៅពីខាងមុខ ។ ពេលជនរងគ្រោះបើកម៉ូតូតាមផ្លូវ៣០ម៉ែត្រ ពីលិចមកកើត ដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ២នាក់ ជិះស្របទិសគ្នា ដោយជនសង្ស័យឈ្មោះ អន ជាអ្នកបើក ឌុបជនសង្ស័យឈ្មោះ អោ សុខុន ទៅអែបខាងឆ្វេងដៃជនរងគ្រោះ រួចជនសង្ស័យឈ្មោះ អោ សុខុន ដែលអង្គុយ ខាងក្រោយបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់ជនរងគ្រោះ តែត្រូវជនរងគ្រោះទាញកន្ត្រាក់យកមកវិញ បណ្តាលឲ្យដួលម៉ូតូទាំង២គ្រឿង រួចជនរងគ្រោះក៏បានស្រែកឆោឡោថា ចោរៗ ហើយជនសង្ស័យក៏បានរត់គេចខ្លួនចោលម៉ូតូ។

របាយការណ៍ដដែលបន្តថា ពេលនោះក៏មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដែលកំពុងជិះម៉ូតូល្បាតតាមផ្លូវបេតុង៣០ម៉ែត្រនោះ ស្រាប់ បានជួយអន្តរាគមន៍ ធ្វើការឡោមព័ទ្ធចាប់ឃាត់ខ្លួនបានជនសង្ស័យ០១នាក់ឈ្មោះ អោ សុខុន រួមនិងវត្ថុតាង យកមកធ្វើ ការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) និងបក្ខពួក ពិតជាបានធ្វើសកម្មភាពឆក់កាបូបលុយរបស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះ អោ សុខុន និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕ អែល មេសា


Telegram