ខេត្តកំពង់ចាម៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង នគរបាល ជំនាញ បើកការស្រាវជ្រាវ ស៊ើបអង្កេត រហូតប្រមាញ់បាន កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ពាក់ព័ន្ធករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើអាវុធ និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតិ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នំ២០២១ ប្រព្រឹត្តនៅភូមិបិតធ្នូរ ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កន្លងទៅ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការចាប់ខ្លួននេះ គឺធ្វើឡើងក្រោម ការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ ទោ ឯម កុសល ស្នងការនគរបាលខេត្ត កំពង់ចាម ទើបបើកការស្រាវជ្រាវ ឈានដល់ការប្រមាញ់ បានជនសង្ស័យ តាមដីកាបង្គាប់ឲ្យនាំខ្លួនលើឈ្មោះ អេង សុខវ៉ាន់ ហៅ អេង សុវណ្ណា រ៉ាន់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើអាវុធ និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតិ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នំ២០២១ ប្រព្រឹត្តនៅភូមិបិតធ្នូរ ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
សូមបញ្ជាក់ ផងដែរថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៤ល្ងាច នៅចំណុចកោះស្វាស្ថិតនៅក្នុងភូមិបិតធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើអាវុធ និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតិ មួយបានកើតឡើង ដែលបង្កដោយជនសង្ស័យឈ្មោះ អេង សុវណ្ណារ៉ាន់ បានធ្វើសកម្មភាពយកអាវុធខ្លី ម៉ាករ៉ូឡូ បាញ់ទៅលើជនរងគ្រោះឈ្មោះ អេល យ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរឥស្លាម មានទីលំនៅភូមិគីឡូតិ៍៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន០១គ្រាប់ បណ្តាលឲ្យរងរបួស ត្រូវចំក្បាលជង្គង់ខាងស្តាំចំនួន ០១កន្លែង (មូលហេតុមានទំនាស់ពាក្សសម្តី)។
ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ និងបានយកអាវុធដែលបង្កមកប្លុងចោលនៅកៀនរបង ក្នុងបរិវេណ អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០២១ ។
បន្ទាប់ ពី ហេតុការណ៍ នេះ កើត ឡើង ភា្លមនោះ ដោយទទួល បានអនុសាសន៍ចង្អុលដឹកនាំដ៏ខ្ពងខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត កំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត កំពង់ចាម បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលស្រុក-ក្រុង តាមស្រាវជ្រាវ ស៊ើបអង្កេតស្វែងរកជនសង្ស័យខាងលើ មកអនុវត្ដតាមនីតិវិធីច្បាប់ ។
រហូតមកនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង៤ល្ងាច កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ បានចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ៤១៦ ព.ស ចុះថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ ចេញដោយលោក សួស ឡា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម បានឃាត់និងនាំខ្លួនឈ្មោះ អេង សុខវ៉ាន់ ហៅ អេង សុវណ្ណារ៉ាន់ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម