ក្នុងរយៈពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមានការកើនឡើងនូវការទទួលបានសារទាក់ទងនឹងការឈ្នះរង្វាន់ពីមូលនិធិសុខុមាលភាពកូកា-កូឡា តាមបណ្ដាញទំនាក់ទំនងសង្គមដូចជា Telegram និងហ្វេសប៊ុក ដែលមានខ្លឹមសារថា "ចុចដើម្បីចូលរួមស្ទង់មតិ មានឱកាសឈ្នះ 200000រៀល"។
បើតាមការស្រាវជ្រាវរបស់នាយកដ្ឋាន សារទាំងអស់នេះគឺជាសារបោកបញ្ឆោត ហើយអាចជាល្បិចរបស់ពួកក្រុមជនខិលខូចដើម្បី ចែកចាយកម្មវិធីមេរោគ លួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់ ឬដើម្បីស្វែងរកទីតាំងរបស់អ្នកប្រើប្រាស់។ នៅពេលខ្លះ ពួកគេអាចប្រើល្បិចទាមទារឱ្យលោកអ្នកធ្វើការបង់ប្រាក់បន្តិចបន្តួចដើម្បីឱ្យលោកអ្នកមានការជឿជាក់ ប៉ុន្តែនេះជាល្បិចដើម្បីបោកបញ្ឆោតយកប្រាក់កាស ឬដើម្បីលួចយកលេខប័ណ្ណឥណទានរបស់លោកអ្នកទៀតផង។
នាយកដ្ឋានសូមណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ កុំជឿលើការឈ្នះរង្វាន់ ដែលផ្សព្វផ្សាយតាមរយៈបណ្ដាញទំនាក់ទំនងសង្គមណាមួយនោះ ព្រោះភាគច្រើនវាគឺជាការបោកបញ្ឆោត។ សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ ឬធ្វើការចែកចាយបន្ត ដែលនាំឱ្យខាតបង់ពេលវេលា ឬប្រាក់កាសរបស់លោកអ្នកតែប៉ុណ្ណោះ៕