ខេត្តកណ្តាល ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបជូនសាធារណជន និងគណនីហ្វេសប៊ុកឈ្មោះ សុភ័ក្រ ចារ៉ាវី ដែលបានបញ្ចេញមតិយោបល់ (comment) ចូលក្នុងផេកហ្វេសប៊ុករបស់ សម្ដេចតេជោ ដែលមានខ្លឹមសារថា ៖ សូមបងៗសមត្ថកិច្ចនៃស្នងការនគរបាលខេត្តកណ្ដាល ជាពិសេស ឯកឧត្តម ឈឿន សុចិត្ត សូមមេត្តាជួយអនុវត្តច្បាប់នៅឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាលផង មានឡានដឹកដីភ្នំជាច្រើនស៊ីផ្លេឮខ្លាំងណាស់ហើយបើកលឿនដូចហោះអញ្ចឹងមិនគោរពសិទ្ធិអ្នកបើកបរដទៃ ដឹកដីមិនគ្របប៉ះពាល់ដល់អ្នកបើកបរដូចជាម៉ូតូ ជាពិសេសនៅចំណុចផ្សារស្អាងភ្នំជាដើម សូមបងសមត្ថកិច្ចជួយចុះអន្តរាគមន៍ផងពីខ្ញុំបាទប្រជាពលរដ្ឋនៅឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ប្រជាពលរដ្ឋគាត់មិនពេញចិត្តនឹងការបើកបររបស់ឡានដឹកដីនៅចំណុចឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ជាដើម ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយជំនាញផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកស្អាង ចុះស្រាវជ្រាវចំពោះករណីខាងលើជាបន្ទាន់។
នៅថ្ងៃទី០១-០២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងការិយាល័យជំនាញខេត្ត សហការជាមួយផ្នែកសណ្ដាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកស្អាង ចុះស្រាវជ្រាវ ត្រួតពិនិត្យ និងឃាត់រថយន្តបានចំនួន ១៩គ្រឿង ដកហូតស៊ីផ្លេខ្យល់ ៩ដើម នៅលើបណ្តោយផ្លូវជាតិលេខ២១ និងផ្លូវលេខ ១២១០ ស្ថិតនៅក្នុងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។
ដោយម្ចាស់រថយន្តទាំងនោះ ត្រូវបានកម្លាំងជំនាញធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសច្បាប់ និងសកម្មភាពប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។
ដោយឡែក កម្លាំងជំនាញផាកពិន័យរថយន្តចំនួន៧គ្រឿង ផ្ទុកសំពីងសំពោង ១គ្រឿង, -មិនពាក់ខ្សែក្រវ៉ាត់ ៦គ្រឿង ស្មើទឹកប្រាក់ចំនួន ១,២០០,០០០រៀល៕