ឪពុកម្តាយមិននៅផ្ទះ កូនបែកថ្នាំយកភ្លើងដុតផ្ទះ ឆេះខ្ទេចទាំងស្រុង គិតជាទឹកប្រាក់អស់ ២ ០,០០០ ដុល្លារអាមេរិច
សន្តិសុខសង្គម
122

ខេត្ត រតនគីរី ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ លេបត្របាក់អស់ទាំងស្រុង គិតជាទឹកប្រាក់អស់ ២ ០,០០០ ដុល្លារអាមេរិច កាលពីវេលាម៉ោង ៧ និង១៦នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចចំការ ភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ។

អគ្គិភ័យនេះ បានឆាបឆេះផ្ទះមួយខ្នងផ្ទះទំហំ ០៧x០៨ ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្តា រនាបក្រាលក្តា ដំបូលប្រក់ក្បឿង ជារបស់ជនរងគ្រោះឈ្មោះ ណយ សាខុន ភេទ ប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ មានទីលំនៅភូមិកើតហេតុខាងលើ បណ្តាលឲ្យឆាបឆេះ ផ្ទះឈើមួយខ្នងឆេះអស់ទាំងស្រុង , អត្តសញ្ញាណប័ណ្ណចំនួន ២ សន្លឹក, សំបុត្រកំណើតចំនួន ៤ សន្លឹក, ប្លង់ដីចំនួន ២ ប្លង់, តុឈើធ្នុងធម្មជាតិចំនួន ២ , ថូផ្កាធ្នុង ១ គូរ , គ្រែប្រអប់ ១ , កង្ហារចំនួន ២ និងសម្ភារៈ ប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនធំ គិតជាទឹកប្រាក់នៃការខូចខាតសរុបអស់ចំនួន ២ ០,០០០ ដុល្លារអាមេរិច ។

សមត្ថកិច្ចបានបញ្ជាក់ ការឆាបឆេះនេះ បណ្ដាលមកពីកូនបែកថ្នាំយកភ្លើងដុតផ្ទះតែម្ដង ដោយឪពុកម្ដាយមិនបាននៅផ្ទះនៅតែកូនម្នាក់ឯង ។

ក្នុងកិច្ចប្រតិបត្តិការកម្លាំងការិយាល័យអគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្ត បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន ២ គ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់រលត់ទាំងស្រុង មិនបណ្ដាលឆ្លងដល់ផ្ទះអ្នកជិតខាងបានឡើយនិងប្រើប្រាស់ទឹកអស់ចំនួន ៣ រថយន្ត ផងដែរ ៕ ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ


Telegram