តុលាការ ឃុំខ្លួនក្រុមឧក្រិដ្ឋជន ៥ នាក់ ពាក់ព័ន្ធបទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និង ដឹកជញ្ជូនគ្រឿងញៀន ឆ្លងដែនទៅប្រទេសវៀតណាម ជិត ១០០ គីឡូក្រាម
សន្តិសុខសង្គម
152

ខេត្តកណ្តាល៖ លោក ជួន សុបញ្ញា អ្នកនាំពាក្យ អយ្យការសាលាដំបូង ខេត្តកណ្តាល បានថ្លែងថាៈ លោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាឃុំខ្លួន ក្រុមឧក្រិដ្ឋជន ៥ នាក់ នេះ ដាក់ពន្ធនាគារបណ្តោះអាសន្ន ។

ក្រុមឧក្រិដ្ឋជន ៥ នាក់នេះ ត្រូវបានលោក សេង រិទ្ធី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល សម្រេចចោទប្រកាន់ពីបទ «កែច្នៃ ជួញដូរ ដឹកជញ្ជូននិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ៣៩ និងមាត្រា ៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន» ។

គួររំលឹកថា ថ្ងៃទី២៨-២៩-៣០ ខែឧសភា ឆ្នាំ២០២១ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននិងមន្ត្រីពាក់ព័ន្ធបានដំណើរការស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបដោយលទ្ធផលគឺឃាត់ខ្លួននិងឆែកឆេរទីតាំង ចំនួន ៤កន្លែង នៅស្រុកមុខកំពូល ខេត្តកណ្ដាល នៅខណ្ឌច្បារអំពៅ ចំនួន១កន្លែងនិងចំនួន ៣កន្លែងទៀត នៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន៥នាក់ ហើយក្នុងប្រតិបត្តិការនេះដែរសមត្ថកិច្ចចាប់យកវត្ថុតាងគ្រឿងញៀន ជិត ១០០គីឡូក្រាមផងដែរ ៕


Telegram