រាជធានីភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ បានធ្វើការស្រាវជ្រាវ ឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពគាស់បង្អួច ចូលលួចយកទ្រព្យសម្បត្តិរបស់ដូនជី ស្នាក់នៅក្នុងវត្តសំបួរមាស បានសម្រេចរួចគេចខ្លួន បាត់មួយថ្ងៃជាប់ខ្នោះរបស់សមត្ថកិច្ច។
សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោ បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៣រសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយជនសង្ស័យមានឈ្មោះ កើត ប្រាកដ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ។
ប្រភពព័ត៌មានពី ដូនជី ជាជរងគ្រោះ បានប្រាប់ក្រុមការងារTVFB ឲ្យដឹងថា នៅវេលាម៉ោងប្រហែលជា ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២១ ជនសង្ស័យបានធ្វើសកម្មភាពចូលគាស់បង្អួចលួចយកលុយ១លានរៀល ខ្សែកផ្លាកទីន២ជីមួយខ្សែ ទូរសព្ទដៃមួយគ្រឿង បានសម្រេចរួចគេចខ្លួនបាត់ស្រមោល។ លុះព្រឹកឡើងនោះ ដូនជី បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឲ្យសមត្ថកិច្ចបើកការស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។
បន្ទាប់ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទទួលពាក្យបណ្ដឹងរួចបើកការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ នាំខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដកហូតបានរួមមាន ទួរសព្ទដៃ១ គ្រឿង ខ្សែកផ្លាកទីនទំងន់២ជី១ខ្សែ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់បង្អួចលួចយកទ្រព្យសម្បត្តិដូនជីពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលរដ្ឋបាលដង្កោ ធ្វើការឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលដង្កោ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនិវិធីច្បាប់។ អែល មេសា