ប្រជាពលរដ្ឋថាការអនុវត្តរបស់អាជ្ញាធរដើម្បីប្រយោជន៍បុគ្គល ខណៈអាជ្ញាធរចុះអនុវត្តបើកផ្លូវ​ចូលដីរបស់ប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ
សន្តិសុខសង្គម
138

រាជធានីភ្នំពេញ៖អ្នកស្រីនេត សុធីបានស្នើសុំយ៉ាងទទូចទៅអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដើម្បីជួយរកយុត្តិធម៌ ខណៈអាជ្ញាធរចុះអនុវត្តបើកផ្លូវ១កំណាត់និងដាក់ឡូ ចូលទីតាំងដីរបស់គាត់ ស្ថិតតាមបណ្តោយផ្លូវលេខ ៧៥បេតេ ភូមិចំរើនផល សង្កាតបឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ការចុះអនុវត្តនេះលោកស្រីនេត សុធីថា ធ្វើចូលដីរបស់គាត់ ជាច្រើនម៉ែត្រ លោកស្រីថាការចុះអនុវត្តនេះធ្វើដោយអយុត្តិធម៌គឺរំលោភមកលើដីកម្មសិទ្ធរបស់លោកស្រី ពោលការអនុវត្តនេះគឺដើម្បីតែប្រយោជន៍របស់បុគ្គល២ទៅ៣នាក់តែប៉ុណ្ណោះ ជាពិសេសធ្វើដើម្បីប្រយោជន៍ម្ចាស់ផ្ទះល្វែង និងម្ចាស់ដីបឹងតែប៉ុណ្ណោះ ព្រោះទីតាំងដីខាងក្រោយផ្ទះរបស់លោកស្រីកន្លងទៅធ្លាប់មានអ្នកមកចរចារសុំទិញ ដើម្បីបើកផ្លូវជាច្រើនដងមកហើយ ។ ជាមួយគ្នានោះ លោកស្រីនេត សុធី ក៏បានដាក់ពាក្យសុំជួយអន្តរាគមន៍ទៅឯកឧត្តមអភិបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ និងបានដាក់ពាក្យប្តឹងទៅក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងនោះក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណងក៏បានចេញលិខិតលេខ៧១៥ ដនស/អសដភ ដោយក្រសួងសូមបញ្ជូនករណីនេះជូនឯកឧត្តមអភិបាលរាជធានីភ្នំពេញ ពិនិត្យជាសមត្ថកិច្ច ។ប៉ុន្តែទោះជាយ៉ាងណានៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ កម្លាំងចំរុះដឹកនាំដោយលោកមា សុភាពអភិបាលរងខណ្ឌមានជ័យបានចុះអនុវត្តដោយប្រើអាអិចកាយដីវាយកម្ទេចរបងផ្ទះ និងដំនាំ ដើម្បីពង្រីកផ្លូវ ប៉ុន្តែត្រូវបានមេធាវីរបស់លោកស្រី នេត សុធី ដាក់ពាក្យសុំពន្យាពេលបាន៣ថ្ងៃ ដើម្បីដាក់ឯកសារគតិយុត្តិបន្ថែម លោកស្រីនេត សុធីថាដីរបស់គាត់មានទំហំ ទទឹង១០មែត្រ បណ្តោយ៣៨ម៉ែត្រ ។

ដោយឡែកលោក មា សុភាព អភិបាលរងខណ្ឌមានជ័យថាលោកស្រីមានដីទទឹង១០ម៉ែត្រ បណ្តោយតែ២៨ម៉ែត្រទេ ហើយផ្លូវនេះអាជ្ញាធរចាប់ផ្តើមរៀបចំធ្វើតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ខណៈនៅរដូវវស្សាកុំឲ្យមានការជន់លិចដោយចំនន់ទឹកភ្លៀវ។

ជុំវិញករណីខាងលើនេះលោកស្រីនេត សុធីក៏បានបង្ហាញលិខិតផ្ទេសិទ្ធដែលមានបញ្ចាក់ទំហំដីដោយមាន ទទឹង ១០ម៉ែត្រ និងបណ្តោយ៣៨ម៉ែត្រ ដែលទទួលស្គាល់ដោយអាជ្ញាធរភូមិ សង្កាត់ ជាក់ស្តែងប្លង់ដីរបស់គាត់សព្វថ្ងៃនេះជាប់នៅធនាគារនៅឡើយ ៕


Telegram