ជិះម៉ូតូប្រញាប់ដឹកទំនិញឲ្យភ្ញៀវមិនប្រយ័ត្នវ៉ាក់រថយន្តបេីកកាត់នៅពីមុខបុកពេញទំហឹងបណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសដៃជេីង
សន្តិសុខសង្គម
233

 រាជធានីភ្នំពេញ៖ បុរសម្នាក់រងរបួសស្រាលត្រូវដៃជើង ខណៈជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនក្នុងគោលដៅប្រញាប់ដឹកអីវ៉ាន់ឲ្យភ្ញៀវ ព្យាយាមបើកវ៉ាជែងក៏ជ្រុលមកបុកជាមួយនឹងរថយន្តព្រូសបើកកាត់ពីមុខត្រង់ចំណុចផ្លូវបែកជាបួនចំពេញទំហឹងដួលបោកនិងថ្នល់អូសទៅបុកផ្ទប់និងរថយន្តចតចោលមួយគ្រឿងទៀត បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១និង ៤០នាទីរសៀលថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១ នៅចំណុចផ្លូវបែកជាបួនផ្លូវលេខ ៥១កែងនឹងផ្លូវលេខ ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តព្រូសមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BF-2815 បើកបរដោយនារីម្នាក់និងរួមដំណើរដោយបុរសម្នាក់តាមបណ្ដោយផ្លូវលេខ ២១៤ ក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចផ្លូវបែកជាបួនរថយន្តបានបើកកាត់ផ្លូវបន្តទៅមុខទៀត ខណៈនោះក៏មានម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FB-4888 ជិះដោយបុរសម្នាក់ជាអ្នកដឹកទំនិញ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូងព្យាយាមវ៉ាកាត់ពីមុខរថយន្តព្រូស ប៉ុន្តែមិនផុតក៏បុកចំ ចំហៀងផ្នែកខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យបុរសជិះម៉ូតូដួលបោកនិងថ្នល់អូសបុកជាមួយនឹងរថយន្តមួយគ្រឿងដែលចតចោលនៅលើចញ្ចេីមផ្លូវ បណ្ដាលអោយបុរសខាងលេីរងរបួសត្រូវដៃជើង មិនធ្ងន់ធ្ងរឡេីយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានមកដល់ចំណុចកើតហេតុនិងបានអោយគេភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាប៉ុន្តែមិនបានត្រូវគ្នាឡើយ លុះមួយសន្ទុះក្រោយក៏ភាគីខាងរថយន្តព្រូសសម្រេចចិត្តថាមិនត្រូវការសំណងអ្វីឡើយដោយសុខចិត្តយករថយន្តដែលខូចខាតទៅជួសជុលដោយខ្លួនឯងដើម្បីបញ្ចប់រឿងតែម្តង ៕


Telegram