ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ បានស្ទុះលោតទឹកទៅជួយសង្គ្រោះជីវិតកូន ដែលកំពុងលង់ទឹក អកុសលជួយមិនបានហើយ ស្លាប់ទាំងឪពុកទាំងកូន យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១ និង១៥នាទី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចស្រះទឹកក្រោយរោងចក្រត្រីប៉ូស ភូមិព្រៃពិស ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ទាំងឪពុកនិងកូន រួមមាន៖
ទី១ឈ្មោះ សុះ គ្រីយ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ , ទី២ឈ្មោះ គ្រីយ៉ា មូសា ភេទប្រុស អាយុ១៦ឆ្នាំ ត្រូវជាឪពុកនិងកូន រស់នៅភូមិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបន្តទៀតថា ករណីនេះ បានកើតឡើងខណៈដែល កូនប្រុសអាយុ១៦ឆ្នាំ ដែលកំពុងលាងទឹកឲ្យសត្វគោនៅក្នុងស្រះ បានរអិលជើង លង់ទឹក ភ្លាមនោះឪពុកឃើញ ក៏ស្ទុះលោតទឹកទៅជួយកូន តែអកុសលជួយមិនបានហើយ ស្លាប់ទាំងឪពុកទាំងកូន យ៉ាងអាណោចអាធ័ម តែម្តង និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕