បុរសជាមន្ត្រីនគរបាលជាតិម្នាក់ខឹងប្រពន្ធយកកូនរត់ចេញពីផ្ទះ ទ្រាំមិនបានក៏ផ្ទុះអាវុធបាញ់គម្រាមមេឃ៣គ្រាប់.!
សន្តិសុខសង្គម
269

ក្រុងព្រះសីហនុ៖ បុរសម្នាក់ដែលត្រូវបានគេស្គាល់ថាជាមន្ត្រីនគរបាលជាតិ ថ្នាក់អនុសេនីយ៍ទោ ឈ្មោះឌួង សាងគ័ង បានផ្ទុះអាវុធចំនួន០៣គ្រាប់ កាលពីល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្រោយផ្សារទំនើបសាម៉ូដាតា ស្ថិតក្នុងភូមិ២ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

មូលហេតុ បណ្តាលមកពីខឹងប្រពន្ធ ដែលពុំបានការតាមប្រពៃណី និងស្របតាមផ្លូវច្បាប់នោះទេ ហើយបានរួមរស់ជាមួយគ្នារហូតមានកូនមួយ ហើយស្ត្រីជាប្រពន្ធក៏បានមកយកកូនរត់គេចចេញពីផ្ទះ ដែលទើបសម្រាលបានជាង ១ខែ ហើយកូននោះគឺនៅផ្ទះខាងបុរសជាប្តី កន្លងមកប្តីប្រពន្ធខាងលើតែងតែឈ្លោះគ្នាជាញយដង ព្រោះបញ្ហាគ្រួសារមិនចុះសម្រុងគ្នា និងស្នាក់នៅផ្ទះផ្សេងគ្នា ។ លុះថ្ងៃកើតហេតុនេះស្រាប់តែប្រពន្ធបានមកយកកូនពីបុរសជាប្តីទៅស្នាក់នៅផ្ទះខ្លួន តែប្តីពេលឃើញបែបនេះមិនសុខចិត្តផ្ទុះកំហឹង ក៏ដកអាវុធខ្លីមួយដើម បាញ់គម្រាមមេឃចំនួន០៣គ្រាប់ ។

គួរបញ្ជាក់ថា ការផ្ទុះអាវុធ ៣គ្រាប់ខាងលើនេះគឺ ពុំបណ្តាលឲ្យមានអ្នករងរបួសនោះទេ គឺបាញ់ឡើងលើ ដើម្បីបន្ធូរអារម្មណ៍ព្រោះខឹងនិងប្រពន្ធពេក ។

ក្រោយពេលកើតហេតុការណ៍នេះ សមត្ថកិច្ចនគបាលនៃអធិការក្រុងព្រះសីហនុ បានចុះមកកន្លែងកើតហេតុ និង នាំខ្លួនជនបង្កបាញ់បោះសេរីខាងលើ យកទៅសួរនាំ ដើម្បីបន្តតាមនីតិវិធី ៕


Telegram