រាជធានីភ្នំពេញ៖ រថយន្តFordមួយគ្រឿងបានរងការខូចខាតធ្ងន់ធ្ងរជាងគេ ខណៈកំពុងឈប់ស្តុបសុខៗ ត្រូវបានរថយន្តបែនដឹកដីមួយគ្រឿង បើកមកបុកពីក្រោយ រុញផ្អឹបទៅបុកជាមួយរថយន្តស៊ិនទ្រី នៅខាងមុខ ខ្ទេចទាំងមុខទាំងក្រោយតែម្តង សំណាងណាស់គ្មាននរណាម្នាក់ រងរបួសនោះឡើយ បង្កការភ្ញាក់ផ្អើល និងកកស្ទះកាលពីវេលាម៉ោង ៣និង៤០នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ចំណុចភ្លើងស្តុបបាគូ តាមបណ្តោយផ្លូវ៥០ ម៉ែត្រ កែងនឹងផ្លូវលេខ២១៧ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
អ្នកបើកបររថយន្តរបស់ក្រុមហ៊ុនស៊ិនទ្រី ដែលនៅក្នុងហេតុការណ៍នេះ បានប្រាប់ក្រុមការងារTVFBថា មុនពេលកើតហេតុ គាត់បានបើករថយន្តទៅប្រមូលសំរាម ជាមួយក្រុមកម្មករ ពីលិចទៅកើត មកដល់ចំណុចភ្លើងស្តុបបាគូ ក៏បានឈប់ស្តុប ហើយក៏មានរថយន្តFord Ranger បើកបរដោយស្ត្រីម្នាក់ មកក្រោយក៏ឈប់ ស្តុបដែរ ពេលនោះក៏មានរថយន្តបែនដឹកដី មួយគ្រឿង បើកមកពីក្រោយក្នុងល្បឿនលឿន មកបុកគូទរថយន្តម៉ាក Ford Ranger រុញផ្អឹបមកបុកគូទរថយន្តស៊ិនទ្រី ថែមទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងមុខទាំងក្រោយតែម្តង ។ ដោយសារមិនចង់វែងឆ្ងាយ រថយន្តស៊ិនទ្រី ក៏សុំរួចខ្លួន យកទៅជួលជុលដោយខ្លួន ឯង ទុកឲ្យរថយន្តបែនដឹកដី និងរថយន្តFord ដោះស្រាយគ្នា តែដោយសារមិនត្រូវគ្នា ទើបសមត្ថកិច្ចធ្វើការវាស់វែង យករថយន្ត២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់បន្តទៀត៕