ប្រាសាទវាលផ្ទីស្ថិតនៅចំកណ្ដាល បារាយណ៍ នៃប្រាសាទបេងមាលា ក្នុងឃុំបេងមាលា ស្រុកស្វាយលើខេត្ដសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរា ធ្វើពិធីប្រុងពាលីសុំសេចក្ដីសុខ ដើម្បីបើកការដ្ឋានធ្វើកំណាយមុនការជួសជុលប្រាសាទនេះឡើងវិញ ខណ:ដែលប្រាសាទវ័យដ៏ចំណាស់ជាង១ពាន់ឆ្នាំនេះ រងការខូចខាតជាច្រើនឆ្នាំកន្លងមក ។
លោក គឹម សុធិន អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះថា ពិធីនេះ ប្រារព្ធឡើងដើម្បីបួងសួងសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី និងវត្ថុស័កិ្តសិទ្ធិ ដែលនៅថែរក្សាប្រាសាទនេះ ដើម្បីឱ្យក្រុមការងារធ្វើកំណាយ និងជួសជុលប្រាសាទបានប្រកបដោ យសុខសុវត្ថិភាព និងជោគជ័យ។ លោកបន្ដថា ការបើកការដ្ឋានកំណាយ និងជួសជុលប្រាសាទវាលផ្ទីនេះ ក្រោមការជួយឧបត្ថម្ភរបស់លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹម យាន។ ប៉ុន្ដែលោកមិនបានបញ្ជាក់ពីការចំណាយថវិកាទៅលើកការជួសជុលប្រាសាទបុរាណដែលមានអាយុរាប់រយឆ្នាំនេះចំនួនប៉ុន្មាននោះទេ។ ការធ្វើកំណាយពេលនេះ គឺដើម្បីពិនិត្យលទ្ធភាពក្នុងការជួសជុលប្រាសាទវាលផ្ទីនេះឡើងវិញ។
លោក ម៉ៅ ស៊ី តំណាងអោយលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន មានប្រសាសន៍ថា ជានិច្ចកាលលោកជំទាវ តែងតែចូលចិត្តការថែរក្សាមរតកដូនតាជាពិសេសប្រាសាទបុរាណ។ កន្លងមកលោកជំទាវ បានចំណាយថវិការាប់លានដុល្លារក្នុងការជួសជុលប្រាសាទបន្ទាយឆ្មារ និងរចនាសម្ព័ន្ធនានារបស់ប្រាសាទនោះ ហើយក៏បានជួយជួសជុលប្រាសាទបន្ទាយទ័ព និងកំពុង បន្តជួសជុលព្រះពន្លាជ័យ ឬហៅថា បារាយណ៍មេបុណ្យផងដែរ។ លោកបានបន្ដថា បច្ចុប្បន្ននេះ លោកជំទាវក៏បានចំណាយថវិកាផ្ទាល់ខ្លួនបន្ថែមទៀត ដើម្បីធ្វើកំណាយប្រាសាទវាលផ្ទី ដែលស្ថិតនៅជិតប្រាសាទបេងមាលា ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប។ លោក ម៉ៅ ស៊ី បានបន្ថែមទៀតថា លោកជំទាវម៉ៅ ម៉ាល័យនឹងបន្តធ្វើការជួសជុលប្រាសាទបុរាណផ្សេងៗបន្ថែមទៀត ដើម្បីចូលរួមចំណែកថែរក្សាមរតកបុរាណដែលមាន តម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយៗទៀតបានឃើញ។
បើតាមលោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ ប្រាសាទនេះ ជាសំណង់មានគ្រឹះថ្មបាយក្រៀមរាងការ៉េ និងមានសំណល់ដុំថ្មភក់មានរូបប្រហែលជាព្រះពុទ្ធប្រក់នាគឬក៏ព្រះវិស្ណុផ្ទុំលើនាគ អាចសាងសង់ឡើងគោរពដល់ព្រហ្មមញ្ញសាសនាក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ឬជាព្រះពុទ្ធសាសនាក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។ តែលោកបន្តថា យើងពុំទាន់ដឹងថា វាជារូបអ្វីពិតប្រាកដទេ។ ដូច្នេះទើបអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវនេះដើម្បីរក និងផ្គុំដុំថ្មទាំងអស់នេះ ដើម្បីឱ្យដឹងថាជារូបអ្វីពិតប្រាកដ។ លោក ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋជួយការពារប្រាសាទបុរាណ និងសុំអង្វរប្រជាពលរដ្ឋមេត្តាកុំកាប់ព្រៃក្នុងបរិវេណប្រាសាទដែលនាំឱ្យប្រាសាទងាយរលំបាក់បែកខូចខាត៕