រាជធានីភ្នំពេញ ៖ រន្ធត់ណាស់បុរសម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិត ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ ដឹកសាច់មួយគ្រឿង បានបើកកិនចំក្បាលរបស់ជនរងគ្រោះ បណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែកប្រពន្ធបានខ្ទាតចេញមកក្រៅរងរបួសជើងបន្ទិចបន្ទួចតែប៉ុណ្ណោះ កាលពីវេលាម៉ោង ១២និង ២៥នាទី រសៀលថ្ងៃទី៥ ខែមិថុនាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ចំណុចទល់មុខសាលាបឋមសិក្សាវាលស្បូវ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ កែនរ៉ុម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងភ្លើង មានស្រុកកំណើតនៅខេត្តកំពត។ ចំណែកប្រពន្ធអង្គុយពីក្រោយគ្រាន់តែរងរបួសស្រាល។
បើកយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបញ្ជាក់ប្រាប់ក្រុមការងារ TVFB បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ បានចេញដំណើរពីស្រុកកំណើតនៅឯខេត្តស្វាយរៀង គោលបំណងមកធ្វើការនៅភ្នំពេញ តែជាអកុសលមកជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បែបនេះទៅវិញ។ ដោយជនរងគ្រោះបានជិះម៉ូតូម៉ាកស្កុបពីមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1-GB 5948 ជិះដោយប្តីប្រពន្ធ២នាក់បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ពីកើតមកលិចក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តកុងតឺន័រដឹកសាច់មួយគ្រឿង ក្បាលព៌ណត្រួយចេក ដែលពាក់ស្លាកលេខ ព្រះសីហនុ 3A- 6917 បើកបដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវលំមួយខ្សែ បត់ស្តាំឡើងផ្លូវជាតិវិញ ស្របពេលជនរងគ្រោះជាអ្នកបើកបរម៉ូតូបានវ៉ាក់ជាមួយរថយន្ត ចាប់ហ្វ្រាំងដួលជនរងគ្រោះជាប្តីបានខ្ទាតចូលក្រោមកង់ កិនចំក្បាលបែកខួរស្លាប់ភ្លាមៗយ៉ាងអណោចអធ័មនៅនឹងទីតាំងកន្លែងកើតហេតុ។ ចំណែកប្រពន្ធបានខ្ទាតចេញមកក្រៅរងរបួសជើងបន្ទិចបន្តួចតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ សហការជាមួយនគរបាលជំនាញផ្នែកចរាចរណ៍ក្រុង ចុះមកដល់ទីតាំងកើតហេតុ ធ្វើការវាស់វែង យករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅខាងចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាពេលក្រោយតាមច្បាប់ និង ប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ អែល មេសា