សូមជួយស៊ែរ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងបិទបញ្ចប់នៅចុងខែនេះ
សន្តិសុខសង្គម
0

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសថា ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពិន័យ តាមច្បាប់ ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ ខណៈការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤ នឹងបិទបញ្ចប់នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ចំពោះយានយន្តទាំងអស់ម្ចាស់អាចធ្វើការបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា, ធនាគារអេស៊ីលីដា, ធនាគារវឌ្ឍនៈ, ធនាគារកម្ពុជាសាធារណៈ, ធនាគារជេ ត្រាស់ រ៉ូយ៉ាល់, ធនាគារស្ថាបនា, ធនាគារប្រៃសណីយ៍កម្ពុជា, ធនាគារវឌ្ឍនៈ, ធនាគារពាណិជ្ជកម្មក្រៅប្រទេស, ធនាគារវីង ឬនៅតាម ធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬអាចបង់តាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់ យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក។

សូមជំរាបថា ការប្រមូលពន្ធយានយន្ត បានចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយអគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ៕


Telegram