រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលមានមួយបានកើតឡើង ដោយ២នាក់ប្តីប្រពន្ធបាននាំគ្នាផឹកស៊ី រួចក៏ចុះងូតទឹកលេងទាំង២នាក់ចំណុចមាត់ទន្លេ ស្រាប់តែងូតសុខៗ លិចបាត់ប្រពន្ធឈឹងរកមិនឃើញសោះ ទម្រាំរកឃើញ គឺស្លាប់បាត់ទៅហើយ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ ដល់ទីតាំងកើតហេតុ កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីបុរសជាប្តីបានប្រាប់មកកាន់ TVFB ឲ្យដឹងថា មុនពេលកើតហេតុ គាត់ទាំង២នាក់ប្តីប្រពន្ធ បាននាំគ្នាផឹកស៊ីជាមួយគ្រឿង លុះស្រវឹងស្រឿងៗ ក៏នាំគ្នាចុះងូតទឹកទន្លេឲ្យត្រជាក់ខ្លួន ខណៈកំពុងតែងូតនោះ គាត់ជាប្តីបានឡើងមកលើគោកមុន ដោយប្រពន្ធនៅងូតបន្ត លុះពេលគាត់ចុះមកងូតក្នុងទឹកវិញ បែរជាលិចបាត់ប្រពន្ធឈឹងតែម្តង បង្កការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការចុះរាវរក ទម្រាំឃើញ លើកឡើងមកលើគោក ដើម្បីធ្វើការពិនិត្យនិងធ្វើកោសលវិច័យ ។
សមត្ថកិច្ចជំនាញ ដែលចុះទៅធ្វើការពិនិត្យផ្ទាល់ដល់ទីតាំងកើតហេតុ បានប្រាប់ TVFB ឲ្យដឹងថា ករណីនេះសមត្ថកិច្ចដាក់ការសង្ស័យថា រអិលជើងធ្លាក់ចូលទឹកដោយជើងគាបនឹងថ្មទើបឡើងមិនរួច បូករួមទាំងស្រវឹងផងនោះ ទើបបណ្តាលឲ្យលង់ស្លាប់តែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕