បុរស២នាក់ កំពុងជិះម៉ូតូឌុបគ្នាសុខៗ ត្រូវបានជនដៃដល់ ដកកាំភ្លើងបាញ់០១គ្រាប់ រួចចុះមកវាយថែមទៀត របួសធ្ងន់ ហើយរត់គេចខ្លួនបាត់ស្រមោល
សន្តិសុខសង្គម
131

រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរស២នាក់ កំពុងជិះម៉ូតូឌុបគ្នាសុខៗ ត្រូវបានជនដៃដល់ ដកកាំភ្លើងបាញ់០១គ្រាប់ រួចចុះមកវាយថែមទៀត បណ្តាលឲ្យរបួសធ្ងន់ រួចហើយជនដៃដល់ទាំងនោះ ក៏ប្រញាប់រត់គេចខ្លួនបាត់ស្រមោល សល់តែជនរងគ្រោះដែលរបួសធ្ងន់ រត់មកចូលមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីសង្គ្រោះ កាលពីវេលាម៉ោង៤ ទៀបភ្លឺ ឈានចួលថ្ងៃទី៧ ខែមិថុនា ឆ្ណាំ២០២១ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា គេបានឃើញជនរងគ្រោះ ២ នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី មិនមានស្លាកលេខ ជិះមកដល់ក្រោយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ ក៏មានក្រុមជិះម៉ូតូធំមួយក្រុម ព្រមទាំងបក្ខពួក បានដកកាំភ្លើងបាញ់ទៅលើមួយគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើល ភ្លាមៗនោះក្រុមជនសង្ស័យជាខ្មាន់កាំភ្លើងបានចុះមកវាយជនរងគ្រោះទាំង២នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ រួចនាំគ្នារត់គេចខ្លួន ខណៈជនរងគ្រោះទាំង២នាក់ នាំគ្នារត់ចូលទៅមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។

ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន ក៏បានមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យនៅទីតាំងចំណុចកើតហេតុ បានរើសបានសំណកកន្ទុះគ្រាប់កាំភ្លើងចំនួន ១ គ្រាប់ នឹងធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវដើម្បីតាមចាប់ខ្លួនខ្មាន់កាំភ្លើង ដែលជាជនដៃដល់នោះ យកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕


Telegram