រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹកទន្លេ ហើយរាយការណ៍ជូនដល់សមត្ថកិច្ចចុះមកត្រួតពិនិត្យភ្លាមៗ នៅវេលាម៉ោង ១១ ថ្ងៃត្រង់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុននឹងមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋប្រមាណ ៣ ទៅ៤នាក់ ដែលជាកម្មករបូមខ្សាច់ គាត់បានបើកទូកបូមខ្សាច់របស់គាត់កាត់តាមផ្លូវទន្លេ ខណៈដល់ចំណុចកើតហេតុក៏បានកាយកំប្លោកដែលនៅជាប់នៅក្បែរទូកដើម្បីកុំអោយទាក់ម៉ាស៊ីន ខណ:កំពុងតែកាយ ក៏ប្រទះឃើញលេចចេញនូវសពអណ្ដែតទឹកមនុស្សប្រុសម្នាក់ស្តែងៗ ដែលមានសភាពហើមស្អុយរលួយ ទើបបង្កការភ្ញាក់ផ្អើលរួចរាយការណ៍ដល់សមត្ថកិច្ចភ្លាមៗដើម្បីចុះមកធ្វើការត្រួតពិនិត្យលើករណីនេះ។
ជុំវិញករណីនេះសមត្ថកិច្ចកំពុងតែស្ថិតក្នុងការស្រាវជ្រាវនៅឡើយ ខណ:ត្រួតពិនិត្យលើសាកសពមានស្នាមរបួសលើផ្ទៃមុខនិងក្បាល ដែលសមត្ថកិច្ចដាក់ការសង្ស័យជាជំហានដំបូងថា សង្ស័យករណីឃាតកម្ម ។ ពេលនេះសមត្ថកិច្ចកំពុងធ្វើការបន្ត៕