រាជធានីភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តLexus RX300 មួយគ្រឿងបើកបត់ត្រឡប់ក្រោយ មិនប្រយត្ន័បានកល់និងដុំថ្មជាន់ហ្គែទៅជ្រុលទៅបុកទម្លុះចូលរបងទ្វារផ្ទះ រួចបន្តទៅបុករបងនិងដែកទ្រដំបូលនៅខាងក្នុងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមាននរណាម្នាក់នៅក្នុងផ្ទះរងរបួសនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១ និង ២០ នាទីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបងប្រុសជាម្ចាស់រថយន្តបានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថានៅមុនពេលកើតហេតុគាត់បានបើករថយន្តម៉ាកLexus RX300 ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2M-4860 យកទៅលាងនៅជិតនឹងកន្លែងកើតហេតុបន្ទាប់ពីលាងរួចគាត់បានបើករថយន្តចេញមកវិញធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ គាត់ក៏បានបត់ត្រឡប់ក្រោយវិញ គោលបំណងទៅទិញខ្យងនៅផ្សារយកទៅទុកហូបនៅផ្ទះ ស្រាប់តែបត់មកទៅកល់នឹងថ្មគាត់បានជាន់ហ្គែរជ្រុលបុកទម្លុះទ្វារខាងក្រៅរួចបន្តល្បឿនទៅបុករបងនៅខាងក្នុងផ្ទះនិងដែកទ្រដំបូលខាងលើរងការខូចយ៉ាងយ៉ាងដំណំផងដែរ អ្វីដែលសំណាងម្ចាស់ផ្ទះគាត់កំពុងអង្គុយលេងនៅក្នុងផ្ទះមិនមានរងរបួសនោះទេ រងការខូចខាតតែរថយន្តនិងសម្ភារះនៅក្នុងផ្ទះមួយចំនួន។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ចុះមកដល់រួចឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា អស់រយៈពេលជាយូរចុងក្រោយភាគីខាងម្ចាស់រថយន្តបង្កព្រមសងជាសំណង ២២០០ដុល្លារ បញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕ អែល មេសា