បុរសម្នាក់ជះទឹកអាសុីតលើប្រពន្ធ រលួយមុខរបួសធ្ងន់ រួចរត់គេចខ្លួនកាលពី១ឆ្នាំមុន ពេលនេះត្រូវនគរបាលតាមចាប់ខ្លួនបាននៅខេត្តត្បូងឃ្មុំ
សន្តិសុខសង្គម
597

រាជធានីភ្នំពេញ៖  បុរសម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ធ្វើការចាប់ខ្លួន ក្រោយពីបានធ្វើសកម្មភាពជះទឹកអាសុីតទៅលើប្រពន្ធរបស់ខ្លួនបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរកាលពី១ឆ្នាំមុន។

លោក ជា សុវណ្ណ អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យបានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក ឲ្យដឹងនៅរសៀលថ្ងៃទី៧ ខែមិថុនា ថា ប្រតិបត្តិការតាមចាប់ខ្លួនជនដៃដល់ខាងលើបានធ្វើឡើងកាលពីម៉ោង៥ៈ៣០ល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។

ជនសង្ស័យឈ្មោះហេង ចាន់ឌី អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិខាងលើត្រូវចាប់ខ្លួនពីបទប៉ុនប៉ងមនុស្សឃាត ចំណែកស្រ្តីជាប្រពន្ធនិងជាជនរងគ្រោះឈ្មោះលី រ៉ានី អាយុ៥០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពដដែលបន្តថា រវាងជនសង្ស័យនិងស្រ្តីរងគ្រោះបានយកគ្នាជាប្ដីប្រពន្ធពុំបានរៀបការឬសែនព្រេននោះឡើយ ក្រោយពីរស់នៅជាមួយគ្នារយៈមកជនសង្ស័យបានបែកចិត្តទៅមានស្រីថ្មីម្នាក់ទៀតនិងបានរស់នៅជាមួយស្រីថ្មីនោះអស់រយៈពេល៥ឆ្នាំរហូតដល់ឆ្នាំ២០២០ ទើបវិលត្រឡប់ទៅរកជនរងគ្រោះវិញនិងសុំអង្វរត្រូវរ៉ូវគ្នាវិញ។

ពេលនោះជនរងគ្រោះមិនព្រមដែលជាហេតុធ្វើឲ្យជននេះខឹង លុះដល់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង២២ៈ១៥នាទីយប់ ខណៈដែលជនរងគ្រោះកំពុងដើរចេញពីធ្វើការទៅជិតដល់ផ្ទះជួលភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ជនសង្ស័យក៏បានយកទឹកអាសុីតជះលើមុខបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយពេលនោះជនរងគ្រោះបានស្រែកឲ្យអ្នកជិតខាងជួយដែរ ប៉ុន្តែជនសង្ស័យបានដណ្ដើមយកទូរស័ព្ទរួចរត់គេចខ្លួនបាត់។

លោក ជា សុវណ្ណ បានបន្តថា ស្រ្តីរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗហើយពុំបានដាក់ពាក្យបណ្ដឹងនោះទេព្រោះតែគាត់រងរបួសធ្ងន់ពេក ប៉ុន្តែនគរបាលប៉ុស្តិ៍ចោមចៅទី១និងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបានចុះធ្វើការស្រាវជ្រាវលើរឿងនេះ។

លុះដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ទើបលេចមុខជនសង្ស័យខាងលើកំពុងធ្វើចត្តាឡីស័កនៅភូមិ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ក៏បានរាយការណ៍ជូនកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យចុះទៅសហការណ៍ជាមួយកម្លាំងនគរបាលស្រុកក្រូចឆ្មារចាប់ខ្លួនជននោះចាត់ការតាមច្បាប់។ចំណែកស្រ្តីរងគ្រោះបានបាត់បង់សម្រស់ទាំងស្រុងនិងបានលើកដៃសំពះសុំដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជួយដល់រូបគាត់ផង ព្រោះគាត់គ្មានទីពឹងឡើយ៕ 


Telegram