កាន់បុ័ងតោមកសួរគេ «ឃើញប្រពន្ធអញអត់?» គេថា« មិនឃើញ » បែរជាកាប់ក្បាលគេ១កាំបិតរបួសធ្ងន់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ ចាប់ខ្លួនបាន
សន្តិសុខសង្គម
461

រាជធានីភ្នំពេញ ៖ បុរសម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈមានការទាស់ពាក្យសម្តីគ្នា ហើយត្រូវភាគីម្ខាងទៀត ដែលជាជនដៃដល់ ទាញកាំបិតបុ័ងតោ មកកាប់ចំក្បាល រហូតឈាមស្រោចខ្លួន ត្រូវបានបញ្ជូនទៅសង្គ្រោះ និងផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ ចុះមកធ្វើការចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២បានប្រាប់TVFB ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផេង លាងង៉ែត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ ។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ពៅ ចំរើន ហៅខ្លី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវ ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

បើតាមរបាយការណ៍ពីសមត្ថកិច្ច ដែលក្រុមការងារTVFB ទទួលបានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះកំពុងដេកនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ ដែលប្រើប្រាស់គ្រឿងញៀន ដើរមកដល់ក៏យកកាំបិតប៉័ងតោគោះតុខ្លាំងៗ នៅកន្លែងជនរងគ្រោះដេក រួចសួរជនរងគ្រោះថា ឃើញប្រពន្ធអញអត់? ជនរងគ្រោះឆ្លើយថា មិនឃើញទេ! ហើយក៏មានទំនាស់ពាក្យសម្តីគ្នា រួចជនសង្ស័យយកកាំបិតប៉័ងតោកាប់ជនរងគ្រោះចំក្បាលបែកចេញឈាម ពេលនោះក៏មានប្រជាពលរដ្ឋក្បែរនោះទូរស័ព្ទ រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងកាំបិតប៉័ងតោ០១ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ ចំណេកជនរងគ្រោះត្រូវបានក្រុម គ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ៕


Telegram