រាជធានីភ្នំពេញ ៖ រថយន្តម៉ាកកាមរីហាយព្រីត មួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ បានរេចង្កូតមកបុករោងអង្គុយចាំនៅចំណតរថយន្តក្រុង រួចបន្តបុកស្លាកសញ្ញាចរាចរណ៍ថែមទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកាមរីហាយព្រីត ពណ៌កណ្ដុរប្រមេះមួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ បានរេចង្កូតមកបុកបើកមុខរោងកន្លែងអង្គុយចំណតរថយន្តក្រុង រួចក៏បានបន្តទៅមុខនឹងស្តុបស្លាកសញ្ញាចរាចរណ៍ បណ្ដាលឲ្យរងការខូចខាតទាំងស្រុង ចំណែករថយន្តវិញក៏បានរងការខូចខាតផងដែរ តែសំណាងគ្មានអ្នកណាម្នាក់រងរបួសឡើយ ។
ភ្លាមៗសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅ៣ សហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក ចុះមកធ្វើការវាស់វែងយករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕