ខេត្តសៀមរាប លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះរបស់ខេត្ដ ដែលមានកម្លាំងសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ និងក្រុមមន្ដ្រីសុខាភិបាល ចុះផាកពិន័យ ទៅលើអាជីវករលក់ដូរដែលមិនពាក់ម៉ាស់ និងពាក់មិនត្រឹមត្រូវ នៅផ្សារធំថ្មីលើ ក្រុងសៀមរាបនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ។
លោក ពិន ប្រាកដ បានមានប្រសាសន៍ថា មុននឹងចុះធ្វើការផាកពិន័យនេះ អាជ្ញាធរបានចុះណែនាំជាច្រើនដងមកហើយ ប៉ុន្ដែអាជីវករនិងពលរដ្ឋមួយចំនួនតូចមិនអនុវត្ដតាមសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាលនោះទេ ទើបពេលនេះអាជ្ញាធរខេត្ត បានចុះអនុវត្ដទៅតាមផ្លូវច្បាប់ ហើយបើតាមការសង្កេតឃើញថា មានអាជីវករ និងពលរដ្ឋប្រមាណ៥ភាគរយប៉ុណ្ណោះ ដែលពួកគាត់មិនពាក់ម៉ាស់ និង មិនអនុត្ដតាមច្បាប់។
លោកអភិបាលរងខេត្ត មានប្រសាសន៍ទៀតថា នេះជាលើកទី១ សម្រាប់ការចុះផាកពិន័យ ចំពោះអ្នកដែលអត់ពាក់ម៉ាស់ និងពាក់ម៉ាសមិនត្រឹមត្រូវ ហើយអាជ្ញាធរនឹងធ្វើការផាកពិន័យបន្ដទៀត ទៅលើអ្នកមិនអនុវត្ដតាមច្បាប់ ក៏ដូចជាតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលផងដែរ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវ ដល់ប្រជាពលរដេ្ឋទាំងអស់ សូមអនុវត្ដតាមការណែនាំរបស់រាជរដ្ឋាភិបាល នូវវិធានការ ៣ការពារ និង៣កុំ ឲ្យបានគ្រប់ៗគ្នា ខណៈដែលខេត្ដសៀមរាប មួយរយៈចុងក្រោយនេះមានការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ បានកើតមានច្រើនជាបន្ដបន្ទាប់។
យោងតាមអនុក្រិត្យ ស្ដីពីកាតព្វកិច្ចពាក់ម៉ាស់ តាមមាត្រា ១៩ នៃអនុក្រឹត្យនេះចែងថា បុគ្គលដែលមិនពាក់ម៉ាស់នៅកន្លែងចាំបាច់ដែលក្រសួងសុខាភិបាលបានណែនាំនឹងត្រូវរងការផាកពិន័យពី ២០ ម៉ឺនរៀល ទៅ១លានរៀល ប្រសិនបើបុគ្គលនោះមិនធ្វើតាមការព្រមានលើកទី ១ ។ ចំណែកអ្នករៀបចំកម្មវិធីអ្វីមួយដែលមិនគោរពទៅតាមគោលការណ៍គម្លាតសង្គមត្រូវរងការផាកពិន័យពី ១លាន ទៅ៥លានរៀល ក្នុងករណីមិនធ្វើតាមការព្រមានលើកទី១ ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ២៤៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៩០នាក់ , កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន១៥៧នាក់ និង ស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ ដែលគាត់ទាំងពីរនាក់ ជាអ្នកជំងឺខូចតម្រងនោមធ្ងន់ធ្ងរ និង រ៉ាំរ៉ៃ មុននឹងគាត់មានវិជ្ជមានជំងឺកូវីដ-៕ប្រភពមន្ទីរព័ត៍មានខេត្តសៀមរាប