ជនសង្ស័យជាក្រុមចោរលួចម៉ូតូរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម០៤នាក់ អស់លក្ខណ៍ក្រោយលួចចំម៉ូតូដាក់ GPS
សន្តិសុខសង្គម
168

រាជធានីភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន៤នាក់ជាមុខសញ្ញាលួចម៉ូតូរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម ចៃដន្យមកអស់លក្ខណ៍ក្រោយធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋមួយគ្រឿង ដែលភ្ជាប់GPS ។

សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ២បានប្រាប់ TVFB ថា ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៤ និង៤០នាទី ទៀបភ្លឺ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ៥C ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី២ ដែលក្រុមការងារTVFB ទទួលបានបានបញ្ជាក់ថា ៖ ជនសង្ស័យទី១ឈ្មោះ ហៃ ហេង ហៅ ត្រីងៀត ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) , ជនសង្ស័យទី២ឈ្មោះ កើត ប៊ុន ហៅ ចេកអាំង , ខ្មៅ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌច្បារអំពៅ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ជនសង្ស័យទី៣ឈ្មោះ ឈុំ បូង៉ា ហៅ ម៉ាប់ , ដា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្នុងភូមិជាមួយគ្នា (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) និងជនសង្ស័យទី៤ ឈ្មោះ តាំង ចាន់ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន)។

ចំណែកជនរងគ្រោះឈ្មោះ ឈុន មករា ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះលេខ C១៥ ផ្លូវបេតុង ភូមិត្រពាំងចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរលក់សាច់ជ្រូក។

ក្នុងនោះសមត្ថកិច្ច បានធ្វើការដកហូតបាន ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ លេខតួ+លេខម៉ាស៊ីន ៩៧០៧៩៦៤ ពាក់ស្លាកលេខ ភ្នំពេញ 1DO -9199 (ជារបស់ជនរងគ្រោះ) ។

របាយការណ៍ដដែល បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1DO-9199 មកចតទុកនៅមុខផ្ទះរបស់បងប្រុសឈ្មោះ ឈុន សេងហាក់ ចំណុចផ្ទះលេខ៥C ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) រួចបានយករ៉ឺម៉កម៉ូតូដឹកសាច់ជ្រូក ឲ្យភ្ញៀវនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែន ដោយពុំបានដកកូនសោរចេញពីម៉ូតូ ហើយនៅពេលត្រឡប់មកវិញ ស្រាប់តែបាត់ម៉ូតូមិនឃើញ ក៏បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ឲ្យជួយស្រាវជ្រាវរក ។

របាយការណ៍ដដែល បានបន្តថា ដោយម៉ូតូរបស់ជនរងគ្រោះមានភ្ជាប់ប្រព័ន្ធGPS សមត្ថកិច្ចបានតាមស្វែងរកម៉ូតូរបស់ជនរងគ្រោះ តាមសញ្ញាប្រព័ន្ធGPS បានបង្ហាញក៏ឃើញម៉ូតូរបស់ជនរងគ្រោះ ដែលបាត់នៅកន្លែងផ្ញើម៉ូតូ ក្នុងភោជនីយដ្ឋានឡាក់គីស្តារ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ក៏បានដាក់កម្លាំងចាំឃ្លាំមើលរហូតដល់វេលាម៉ោង០៩និង៣០នាទី ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២១ ស្រាប់តែឃើញជនសង្ស័យចំនួន០២នាក់ឈ្មោះ តាំង ចាន់ និង ឈ្មោះ ឈុំ បូង៉ា ហៅ ម៉ាប់ ហៅ ដា មកយកម៉ូតូរបស់ជនរងគ្រោះចេញពីកន្លែងផ្ញើ ក៏ឃាត់ខ្លួនយកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ។

ក្នុងរបាយការណ៍បានបញ្ជាក់ទៀតថា បន្ទាប់ពីសាកសួរជនសង្ស័យឈ្មោះ ឈុំ បូង៉ា ហៅ ម៉ាប់ ហៅ ដា បានឆ្លើយសារភាពថា ចំពោះម៉ូតូសេ១២៥ ពណ៌ខ្មៅ សេរី២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1DO-9199 គឺបក្ខពួក០២នាក់ទៀតឈ្មោះ ហៃ ហេង ហៅ ត្រីងៀត និង ឈ្មោះ កើត ប៊ុន ហៅ ចេកអាំង , ខ្មៅ ជាអ្នកឲ្យមកយក ភ្លាមនោះសមត្ថកិច្ចបានចុះស្រាវជ្រាវបន្តរហូតដល់វេលាម៉ោង៣រសៀល ថ្ងៃដដែល ទើបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀតយកមកសាកសួរចាត់ការតាមនីតិវិធីតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ធ្វើការសាកសួរ និងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមច្បាប់បន្តទៀត៕ មេសា


Telegram