រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងយប់ ខណៈក្រុមក្មេងស្ទាវ ដែលចូលផឹកស៊ី នៅក្នុងហាង ផាំ ឃីន PK ចំនួន២ក្រុម ឌឺដងគ្នាចុះឡើង ឈានដល់ការផ្ទុះហិង្សារវាយតប់គ្នាផ្អើលដល់សន្តិសុខ និងកងកម្លាំងសមត្ថកិច្ចចុះទៅធ្វើការនាំខ្លួនភាគីទាំងសងខាង មកកាន់ប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីធ្វើការសាកសួរ កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងស្ទាវប្រុសស្រីចំនួន២ក្រុម បានមកចូលផឹកស៊ីក្នុងហាងផាំ ឃីន PK ខាងលើ ដោយអង្គុយក្បែរគ្នា និងផឹកស៊ីបណ្តើរ ឌឺដងដាក់គ្នាបណ្តើរ រហូតផ្ទុះកំហឹងរៀងខ្លួន វាយតប់គ្នាផ្អើលពេញហាង ត្រូវបានសន្តិសុខ និងសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ នាំខ្លួនភាគីម្ខាង បានម្នាក់ និងភាគីម្ខាងទៀត បានប្រហែល៥នាក់ យកទៅធ្វើការសាកសួរ ដែលភាគីដែលសមត្ថកិច្ចនាំខ្លួនទៅដែលមានគ្នាច្រើននោះ បានអះអាងថាខ្លួនជាជនរងគ្រោះ។
ប៉ុន្តែទោះបីជាយ៉ាងណា ចំពោះករណីក្មេងស្ទាវវាយតប់គ្នាទៅវិញទៅមកនេះ សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ បានធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងហៅអាណាព្យាបាលមកទទូលយកទៅផ្ទះវិញផងដែរ ៕