ឈ្លោះគ្នារឿងទារលុយមិនសង វាយគ្នាមួយប្រាវ ម្នាក់ចូលពេទ្យម្នាក់ចូលប៉ុស្តិ៍ប៉ូលិស
សន្តិសុខសង្គម
200

រាជធានីភ្នំពេញ៖ បុរសម្នាក់បានខឹងបុរសម្នាក់ជាម្ចាស់លុយបានមកទារលុយជំពាក់ ដល់ផ្ទះ មិនដឹងនិយាយគ្នាយ៉ាងម៉េចស្រាប់តែទាស់ពាក្យសម្តីគ្នា វាយគ្នាមួយប្រាវ បង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនកម្លាំងកងរាជអាវុធហត្ថចុះមកដល់ទីតាំងកន្លែងកើតហេតុភ្លាមៗ។ ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០នាទី ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២១ តាមបណ្ដោយ ផ្លូវម៉ៅសេទុង ស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ករណីនេះគឺអ្នកជំពាក់ទាញកាំបិតសាំម៉ូរ៉ៃមកកាត់ជនរងគ្រោះដែលជាម្ចាស់បំណុល បណ្ដាលឱ្យរងរបួសត្រូវក្បាលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។

បើយោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា មុនពេលកើតហេតុគឺមានបុរសម្នាក់ដែលជាម្ចាស់បំណុល បានមកទារលុយពីភាគីអ្នកជំពាក់ ចំនួនជាង១លានរៀល ដែលជំពាក់ជាងមួយខែមកហេីយ បន្ទាប់មកមិនដឹងថាការនិយាយគ្នានោះបែបណាទេ ក៏ស្រាប់តែផ្ទុះពាក្យសម្តីរហូតឈានដល់រុញច្រានគ្នាទៅវិញទៅមក ក៏បង្កជាការប្រេីហឹង្សាដោយវាយប្រតប់គ្នា ការទៅវិញទៅមក ភ្លាមៗភាគីខាងអ្នកជំពាក់ក៏រត់ទៅទាញដាវសាម៉ូរ៉ៃមកកាប់មកលើម្ចាស់បំណុល បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហេីយត្រូវបានបងប្អូនប្រជាពលរដ្ឋដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមៗនោះដែរ ។ បន្ទាប់មកកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ល្បាតតាមមូលដ្ឋាន ក៏បានធ្វើការចុះសាកសួរនាំនិងឃាត់ខ្លួនជនសង្ស័យដែលជាភាគីអ្នកជំពាក់លុយ បញ្ជូនមកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរនាំពីរឿងរ៉ាវ នេះ ដេីម្បីដោះស្រាយគ្នាទៅតាមនិតិវិធីច្បាប់ ៕


Telegram