ខេត្តតាកែវ ៖ ថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩ និង១០នាទី មានរណីអំពើលួចមួយកើតឡើងនៅចំណុចផ្ទះរបស់ឈ្មោះ សំរិត សាឡុង ភេទប្រុស អាយុ៤៨ឆ្នាំ ស្ថិតក្នុងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បាត់បង់ទ្រព្យសម្បត្តិ៍មួយចំនួន រួមមាន ប្រាក់រៀលចំនួន ២៧លានរៀល ខ្សែកមាស២ខ្សែទម្ងន់១តម្លឹង ខ្សែដៃមាស១ខ្សែទម្ងន់៥ជី ចិញ្ចៀនមាស២វង់ទមង្ងន់៦ជី បន្តោងខ្សែកទម្ងន់៥ហ៊ុន ដែលទុកក្នុងទូរក្នុងបន្ទប់ដេក(មិនបានចាក់សោរ)។
ក្រោយទទួលបានព័ត៌មានភ្លាម ក្រោមការដឹកនាំ ចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីសំណាក់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានចុះធ្វើការស្រាវជ្រាវ យ៉ាងម៉ត់ចត់ នឹងដោយមានការចូលរួមពីក្រុមគ្រួសារជនរងគ្រោះផង ទើបនៅថ្ងៃទីទី១០ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញបានកំណត់មុខសញ្ញា និងឈានដល់ឃាត់ខ្លួនជនសង្ស័យ០១នាក់មានឈ្មោះ ឌឹម សុវណ្ណារ៉ា ភេទបុ្រស អាយុ២៣ឆ្នាំ មានទីលំនៅភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ព្រមទាំងដកហូតបានប្រាក់រៀលចំនួន ២៧លានរៀល ខ្សែកមាស២ខ្សែទម្ងន់១តម្លឹង ខ្សែដៃមាស១ខ្សែទម្ងន់៥ជី ចិញ្ចៀនមាស២វង់ទមង្ងន់៦ជី បន្តោងខ្សែកទម្ងន់៥ហ៊ុន និងប្រាក់រៀលចំនួន ១០៤៥០០០០រៀល (ដប់លាន សែសិបប្រាំម៉ឺនរៀល) ម៉ូតូ០១គ្រឿង ម៉ាក ឌូក ពាក់ផ្លាកលេខភ្នំពេញ 1CF-9374 ។ ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើបានសារភាពថា រូបខ្លួនពិតជាធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ៍នៅផ្ទះជនរងគ្រោះពិតប្រាកដមែន ដែលក្រោយធ្វើសកម្មភាព ជនសង្ស័យបានយកប្រាក់ទៅទិញម៉ូតូម០១គ្រឿង ដែលបានដកហូតមកស្រាប់ និងដើរចាយ។
បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីគសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី រីឯវត្ថុតាងពាក់ព័ន្ធបានប្រគល់ជូនជនរងគ្រោះវិញរួច។