កំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌស្រុកសំរោងទង ធ្វើការចាប់ឃាត់ខ្លួន ក្រោយយកម៉ូតូរបស់ខ្លួនទៅបញ្ចាំ ចូលផ្ទះវិញអត់មានម៉ូតូខ្លាចម៉ែស្តីឲ្យ បែកគំនិតលួចម៉ូតូគេ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចកន្លែងផ្ញើម៉ូតូក្នុងរោងចក្រ វេនធូរ៉ា ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យមានឈ្មោះ ម៉ែន ណាត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិផ្ចឹកជ្រុំ ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានលួចម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IA-2490 ជារបស់ឈ្មោះ ជឿន ចាន់សុខហេង ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្នុងនោះ ដោយមានការសង្ស័យទៅហ្នឹងយុវជនម្នាក់ តាមរយៈកាមេរ៉ាសុវត្ថិភាពភាព ក្រោយពិនិត្យនិងស្រាវជ្រាវអស់រយៈពេលជាង១៥ម៉ោង សមត្ថកិច្ចកំណត់មុខសញ្ញា សង្ស័យបាននិងឈានទៅធ្វើការឃាត់ខ្លួនរកឃើញវត្ថុតាងម៉ូតូមួយគ្រឿង ដែលជារបស់ជនរងគ្រោះ ។
សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ករណីនេះ ជនសង្ស័យបានយកម៉ូតូរបស់ខ្លួនទៅបញ្ចាំ និងគ្មានប្រាក់លោះយកមកវិញ ដោយខ្លាចម្ដាយស្ដីបន្ទោសខ្លួន បានរកវិធីលួចយកម៉ូតូអ្នកដ៍ទៃដើម្បីយកទៅផ្ទះបន្លំកុំអោយអាណាព្យាបាលដឹង ចៃដន្យពេលខ្លួនចេញមកក្បែររោងផ្ញើរម៉ូតូ ស្រាប់តែឃើញម៉ូតូខាងលើទុកចោលមានសោរជាប់ស្រាប់ ខ្លួនបានធ្វើសកម្មភាពលួចយកតែម្ដង។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងម៉ូតូមួយគ្រឿង ត្រូវបានកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌអធិការដ្ឋានកំពុងធ្វើការសាកសួរ និងបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ចាត់ការតាមនីតិវិធីច្បាប់៕