មើលមុខជនសង្ស័យឆក់ខ្សែក ពេលជនរងគ្រោះកំពុងដើរតាមផ្លូវ តែប៉ូលិសតាមក្របួចដាក់ខ្នោះ
សន្តិសុខសង្គម
330

ខេត្តតាកែវ ៖ កាលពីថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០ និង២០នាទី មានករណីលួចមានស្ថានទម្ងន់ទោសមួយកើតឡើងនៅចំណុចលើផ្លូវលំស្ថិតក្នុងភូមិត្បែងទទឹង ឃុំតាភេម ស្រុកត្រាំកក់ បង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់ មិនស្គាល់អត្តសញ្ញាណស្លៀកពាក់ស៊ីវិលជិះម៉ូតូធុន សង់ សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បានជិះម៉ូតូធ្វើសកម្មភាពឆក់ខ្សែក ពីជនរងគ្រោះឈ្មោះ ម៉ម ធឿង ភេទស្រី អាយុ ៦៧ ឆ្នាំ ទីលំនៅ ឃុំកើតហេតុ បាត់បង់ខ្សែកមាស១ខ្សែទម្ងន់៥ ជី(ប្រាំជី)ខណៈពេលដែលជនរងគ្រោះកំពុងដើរលើផ្លូវម្នាក់ឯង។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបាននាំគ្នាជិះម៉ូតូតាមផ្លូវទៅទិសខាងកើតបាត់ទៅ។ 

បន្ទាប់ពីទទួលបានព័ត៌មាននិងពាក្យបណ្ដឹងពីជនរងគ្រោះសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត ព្រមទាំងដឹកនាំសម្របសម្រួលដោយឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩ និង០០នាទី កម្លាំងជំនាញបានកំណត់មុខសញ្ញា រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ មាន ឈ្មោះ ពិត សើ ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិតាម៉ុច ឃុំតាភេម ស្រុកត្រាំកក់(មុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទអំពើលួច)។ 

បន្ទាប់ពីការសាកសួរចម្លើយរបស់ជនសង្ស័យឈ្មោះ ពិត សើ បានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពឆក់ខ្សែកពីជនរងគ្រោះខាងលើប្រាកដមែន ជាមួយបក្ខពួកចំនួន០២ នាក់ទៀត ជាអ្នកធ្វើសកម្មភាពជាមួយគ្នារួមមាន: ទី១-ឈ្មោះ សេង ហាប់ ហៅក្រឹម ភេទប្រុស អាយុ ២៧ ឆ្នាំនៅភូមិតាម៉ុច ឃុំតាភេម ស្រុកត្រាំកក់ និងទី២-ឈ្មោះ ប៊ិន រ៉ាឌី ភេទប្រុសអាយុ ១៧ឆ្នាំ នៅភូមិតាម៉ុច ឃុំតាភេម ហើយខ្សែកចំនួន 5ជី (ប្រាំជី) ពួកគេយកទៅលក់នៅផ្សារថ្នល់បត់បានប្រាក់ចំនួន ៣.០៣៥.០០០រៀល។

បច្ចុប្បន្ន ជនសង្ស័យខាងលើកម្លាំងជំនាញកំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី និងកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យឈ្មោះ សេង ហាប់ និងឈ្មោះ បិ៊ន រ៉ាឌី ដែលបានរត់គេចខ្លួនបាត់ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕ 


Telegram