ខេត្តសៀមរាប៖ ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ ដោយសារតែ ស្ត្រីម្នាក់ ដែលមានស្មារតីវិបល្លាស បានបង្កាត់ភ្លើងដាំបាយ នៅក្នុងបរិវេណផ្ទះមួយខ្នង បណ្តាលឲ្យឆេះរាលដាល តែម្តង កាលពីវេលាម៉ោង ៣និង២៨នាទីរសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុច ក្រុមទី៣ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា
ដំបូងឡើយ អគ្គិភ័យនេះ បានឆាបឆេះផ្ទះឈើចាស់០១ខ្នង ទំហំ ៥×៥ ម៉ែត្រ ប្រក់ស័ង្កសីឆេះខូចខាតទាំងស្រុង និងរាលដល់ផ្ទះចំនួន ០៣ ខ្នង ទៀត រួមមាន៖
- ទី១ ផ្ទះលក់គ្រឿងសំណងយីហោមហាលាភ របស់ឈ្មោះ វ៉ាញ សុខលក្ខិណា ភេទ ស្រី អាយុ ៣០ឆ្នាំ ខូចខាត ជញ្ជាំងខាងក្រោយ និងពិដាន ប្រមាណ៣០ភាគរយនៃតួផ្ទះ ។
- ផ្ទះទី២ របស់ឈ្មោះ អ៊ា សោមធារ័ត្ន អាយុ ៤០ ឆ្នាំ ភេទ ប្រុស ខូចខាតជញ្ជាំងខាងក្រោយ និងបណ្តាញទិយោទឹក ប្រមាណ១០ភាគរយ ។
- ផ្ទះទី៣ ឈ្មោះ តាន់ ផេង អាយុ ៤៤ ឆ្នាំ ភេទ ប្រុស រស់នៅកាន់ណាដា ជួលអោយធនាគារ ខូចខាតជញ្ជាំងខាងកើតនៃតួរផ្ទះ ៣០ភាគរយ ។
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ទៀថា ចំណែក មូលហេតុ គឺដោយសារ ឈ្មោះ បូ សុធារី ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ មានស្មារតីវិបល្លាស បានបង្កាត់ភ្លើងដាំបាយ នៅក្នុងបរិវេណផ្ទះមួយខ្នង របស់ឈ្មោះសេង ហួត អាយុ ៦៣ ឆ្នាំ មុខរបរ លក់ម៉ូតូ គ្មានម្ចាស់រស់នៅបណ្តាលអោយឆេះ ប្រើប្រាស់រថយន្តស្នងការដ្ឋានខេត្ត ០២ គ្រឿង អស់ទឹក ៤០០០០ លីត្រ ,រថយន្តអាវុធហត្ថ ០៣ គ្រឿង ប្រើប្រាស់ទឹក ១៥០០០ លីត្រ និងរថយន្តអាជ្ញាធរអប្សរា ០២ គ្រឿង ប្រើទឹកអស់ ១៤០០០ លីត្រ ទើបរលត់ទាំងស្រុង ៕