បបួលគ្នាលួចម៉ូតូរបស់ប្រជាពលរដ្ឋ ចៃដន្យម្ចាស់គេចេញមកទាន់ ដេញចាប់បានម្នាក់ ម្នាក់ទៀតឈ្មោះ អាខ្មៅ រត់បាត់
សន្តិសុខសង្គម
450

រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាណលរដ្ឋ បានសម្រេចបម្រុងជិះរត់ ចៃដន្យម្ចាស់ចេញមកទាន់ ស្រែកចោរៗដេញចាប់បាន ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ កាលពីវេលាម៉ោង រសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុច មុខផ្ទះលេខ៦២០ ផ្លូវ ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នគរបាលប៉ុស្តិ៍ច្បារអំពៅ២ បានប្រាប់ TVFB ថា ជនរងគ្រោះឈ្មោះ ម៉ៅ លាបថេង ភេទ ប្រុស អាយុ ៥១ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែក ជនសង្ស័យឈ្មោះ អ៊ុល រដ្ឋា ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ប្រើប្រាស់គ្រឿងញៀន ) ។

បើតាមរបាយការណ៍ពីសមត្ថកិច្ច ដែលក្រុមការងារ TVFB ទទួលបាន បានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូម៉ាក Suzuki Smash ពណ៌ស គ្មានផ្លាកលេខ មានសណ្តោងរ៉ឺម៉កនៅចំណុចកើតហេតុ រួចដើរចូលក្នុងផ្ទះ ពេលនោះស្រាប់តែមានជនសង្ស័យចំនួន០២នាក់ មាន ឈ្មោះ អ៊ុល រដ្ឋា និងឈ្មោះ ខ្មៅ នាំគ្នាធ្វើសកម្មភាពដោះរ៉ឺម៉កចេញ រួចលួចយកម៉ូតូជនរងគ្រោះម៉ាកខាងលើ បន្ទាប់មកជន រងគ្រោះចេញមកឃើញស្រែកចោរៗដេញចាប់បានជនសង្ស័យឈ្មោះ អ៊ុល រដ្ឋា យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាល ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់តែម្តង។ ចំណេកជនសង្ស័យឈ្មោះ អាខ្មៅ ជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់ ៕ 


Telegram