រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងទាំងយប់ ខណៈអគ្គិភ័យបានឆាបឆេះលេបត្របាក់ ផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង ផ្អើលដល់ បងប្អូនប្រជាពលរដ្ឋនាំគ្នា ខ្លះយកឆ្នាំង ខ្លះយកចានដែក កន្ធន់ អ្វីក៏ដោយឲ្យតែអាចដងទឹកបាន នាំគ្នាដងទឹកស្អុយ ជះពន្លត់ និងប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីធ្វើការជួយបាញ់ពន្លត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង២០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅ ចំណុចផ្លូវបេតុង ភូមិដំណាកត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា អគ្គិភ័យនេះបានឆាបឆេះផ្ទះរួមមាន ៖ ទី១ឈ្មោះ អ៊ឹត ចិន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ (ផ្ទះ ទំហំ ៥ម៉ែត្រ x ៧ម៉ែត្រ ) , ម្ចាស់ផ្ទះទី២ឈ្មោះ គង់ សុភី ភេទស្រី អាយុ ៦៨ឆ្នាំ មុខរបរ នៅផ្ទះ (ផ្ទះទំហំ ៧ម៉ែត្រ x ៧ម៉ែត្រ ) , និងម្ចាស់ផ្ទះទី៣ឈ្មោះ ស៊ុន រឿន ភេទស្រី អាយុ ៧៣ឆ្នាំ មុខរបរ រើសអេតចាយ (ផ្ទះទំហំ ៥ម៉ែត្រ x ៩ម៉ែត្រ )។
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ទៀងដែរថា ចំពោះករណីអគ្គិភ័យនេះ នៅមិនទាន់ដឹងថា បណ្តាលមកពីបញ្ហាអ្វីនៅឡើយ ដោយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងបានឆាបឆេះផ្ទះដែលជាប្រភេទ ថ្មក្រោមឈើលើ ខូចខាតសម្ភារៈ ទូរ ទស្សន៍, កង្ហារ , គ្រែ, តុទូរួមទាំងសម្ភារៈមួយចំនួនអស់ទាំងស្រុង និងពុំបណ្តាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ដោយក្រៅពីបងប្អូនប្រជាពលរដ្ឋហើយនោះ មានរថយន្តការិយា ល័យ អគ្គិភ័យ ចំនួន ២គ្រឿង ប្រើប្រាស់ទឹក ប្រើប្រាស់ទឹកអស់ចំនួ ន ២ឡាន ស្មើរនឹង ៨ម៉ែត្រ គូប ទើបរលត់ទៅវិញនៅវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃដដែល ៕