ល្បិចថ្មី ! ជនសង្ស័យជាស្ត្រីម្នាក់បន្លំជាអាជីវករបោកស្ត្រីអ្នកដូរលុយអស់៦លានទាំងព្រឹកនៅផ្សារផ្លាហ្សា
សន្តិសុខសង្គម
542

ខេត្តកណ្តាល៖ ស្ត្រីជាអាជីវករដូរលុយនៅក្នុងផ្សារផ្លាហ្សាម្នាក់បានចាញ់បោកជនសង្ស័យជាស្ត្រីបន្លំជាអាជីវករលក់ដូរនៅផ្សារខាងលើ ដោយប្រើល្បិចថ្មីយកលុយដុល្លាទៅដូរ យកលុយខ្មែរ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅក្នុងផ្សារផ្លាហ្សា ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ស្ត្រីរងគ្រោះបានរៀបរាប់ទាំងទឹកមុខស្លេកស្លាំងថា មុនដំបូងមានស្ត្រីម្នាក់អាយុប្រហែលជាង៤០ឆ្នាំ សម្បុរស បានមកដូរលុយដុល្លាយកលុយខ្មែរនៅតូបរបស់ខ្លួនចំនួន៣០០ដុល្លាម្តងរួចហើយ មួយសន្ទុះក្រោយមកស្ត្រីនោះមកម្តងទៀត ដោយប្រាប់ស្ត្រីរងគ្រោះថាត្រូវការដូរលុយ១៥០០ដុល្លាទៀត នៅពេលស្ត្រីរងគ្រោះរាប់លុយ៦លានរៀលហើយ ក៏ឲ្យទៅស្ត្រីជនសង្ស័យ ពេលនោះស្ត្រីសង្ស័យថាខ្ញុំយកលុយទៅសិន ចាំឲ្យស្ត្រីរងគ្រោះដើរទៅយកលុយនៅតូបលក់អីវ៉ាន់របស់ខ្លួនចុះ ។

ភ្លាមនោះស្ត្រីរងគ្រោះបានដើរថាទៅយកលុយដុល្លា១៥០០ ដែលស្ត្រីសង្ស័យដូរ បែរជាបាត់ស្ត្រីសង្ស័យឈឹង មិនឃើញនៅទីតាំងតូបនោះទេ ។

ក្រោយមកក៏មានការផ្អើលឆោឡោ ស្ត្រីរងគ្រោះបានសួរអ្នកជិតតូបដែលស្ត្រីជាជនសង្ស័យអះអាងថាជាតូបរបស់ខ្លួន តែអាជីវករនៅទីនោះថាមិនដែលស្គាល់ស្ត្រីសង្ស័យនោះទេ ហើយតូបនេះក៏មិនមែនជាតូបរបស់ស្ត្រីជាជនសង្ស័យនោះដែរ ។

ក្រោយពីចាញ់បោកស្ត្រីជើងឆើតប្រើល្បិចដូរលុយ ស្ត្រីរងគ្រោះបានប្តឹងទៅគណកម្មការផ្សារដើម្បីឲ្យជួយ ហើយបន្តទៅប្តឹងសមត្ថកិច្ច ដើម្បីស្វែងរកជនសង្ស័យខាងលើយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕


 


Telegram