រាជធានីភ្នំពេញ៖ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់មកកាន់លោក សុវណ្ណ រិទ្ធី តាមរយៈកិច្ចសម្ភាសន៍ឲ្យដឹងថា សាកសពក្មេងប្រុសឈ្មោះ អាហុង ដែលជាក្មេងអនាថា បានស្លាប់និងកំពុងមានការអាណិតអាសូរខ្លាំងពីមហាជនក្នុងបណ្តាញសង្គម នឹងត្រូវដឹកយកមកបូជាតាមប្រពៃណី នៅវត្តព្រែកលៀប នៅថ្ងៃស្អែកទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២ថ្ងៃត្រង់ ។
លោក សាន សុខសីហា បានបញ្ជាក់ដែរថា សាកសពក្មេងប្រុស ឈ្មោះ អាហុងនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវ២៨គ្រួសារ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោកសាន សុខសីហា បញ្ជាក់ទៀតដែរថា បើតាមរបាយការណ៍ដែលលោកទទួលបាន និងចម្លើយសារភាពរបស់អ្នកបើកបររថយន្តបានឆ្លើយប្រាប់សមត្ថកិច្ចថា គាត់មិនបានដឹងថា មានក្មេងមកតោងរថយន្តគាត់នោះទេ ខណៈគាត់កំពុងបើករថយន្តសុខៗ ក៏មានអ្នករត់ Passapp ស្រែកប្រាប់គាត់ថា មានក្មេងតោងរថយន្តរបស់គាត់ គាត់ក៏អែបរថយន្តកូរ៉េ សណ្តោងម៉ាស៊ីនភ្លើងនោះចូលកៀនចិញ្ចឹមផ្លូវ ខណៈនោះដោយសារតែក្មេងខាងលើ មិនដឹងតោងពីកន្លែងណាមក សង្ស័យអស់ដៃ ក៏របូតធ្លាក់ចុះមក ហើយក៏ត្រូវកន្ទុយសណ្តោងម៉ាស៊ីនភ្លើងនោះ កិនចំខ្លួនតែម្តង ។ ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកបើកបររថយន្តខាងលើយកមកសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែកសាកសពក្មេងប្រុស ឈ្មោះ អាហុងនេះ នឹងដឹកយកមកបូជាតាមប្រពៃណី នៅវត្តព្រែកលៀប ស្អែកនេះ វេលាម៉ោង១២ថ្ងៃត្រង់ និងទាក់ទងហៅគ្រួសារមករៀបចំបូជាផងដែរ ៕