រាជធានីភ្នំពេញ៖ ពិតជារន្ធត់ណាស់ បុរសម្នាក់ បានធ្លាក់ពីលើអគារកំពុងសាងសង់ជាន់ទី២០ មកទើជាន់ទី៣ ស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង ៩ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចការដ្ឋានជីបម៉ុង ផ្លូវលេខ១៩២៨ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
របាយការណ៍របស់សមត្ថកិច្ចដែលក្រុមការងារ TVFB ទទួលបាន បានបញ្ជាក់ថា សាកសពឈ្មោះ ម៉ន ម៉ាន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ ផ្ទះជួលគ្មានលេខ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
របាយការណ៍ដដែលបន្តថា យោងតាមការបំភ្លឺអ្នកធ្វើការជាមួយសពឈ្មោះ សន សុបិន្ត ភេទប្រុស អាយុ ២៧ឆ្នាំ ថាឈ្មោះ ម៉ន ម៉ាន ត្រូវបានក្រុមការងារបានចាត់ចែង អោយតម្លើងអន្ទារដែក ចាប់ពីជាន់ទី១៨ដល់២០ ដោយអន្ទារបានតំឡើងនៅជ្រុងម្ខាង។ ចំណែកឈ្មោះ សន សុបិន្ត តម្លើងនៅជ្រុងម្ខាង ផ្នែកខាងជើងនៃអាគារដោយតំឡើងដល់ជាន់ទី២០ ហើយជនរងគ្រោះបានអង្គុយមួលបាឡុងអន្ទារសល់១ដើមទៀតប្រវែង ៦m ដែលសំយ៉ុងចុះក្រោមរៀបធ្លាក់ ក៏លូកដៃទប់ចាប់ដែកអន្ទាលហើយដាំដូងធ្លាក់ពីជាន់ទី២០មកទើលកន្ត្រក់ជណ្តើរយន្តជាន់ទី៣ បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុតែម្តង។
ក្នុងនោះ របាយការណ៍ដដែល បានបញ្ជាក់ថា បើតាមការពិនិត្យរបស់ការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និងតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញថា ស្លាប់ដោយប៉ះទង្គិចខ្លួនប្រាណធ្ងន់ធ្ងរ ពេលនេះ សមត្ថកិច្ចបានប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តព្រៃវែង ៕ មេសា