ខេត្តសៀមរាប ៖ ជនជាតិបរទេសម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញខេត្តសៀមរាប បញ្ជូនទៅតុលាការ ដោយជាប់ជនសង្ស័យអំពើទិញពេស្យាចារកុមារ ។
លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនជាតិបរទេសម្នាក់ឈ្មោះ Xavier Vincent G ភេទប្រុស កើតថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ១៩៧០ ជនជាតិបែលហ្សិច កាន់លិខិតឆ្លងដែនលេខ ER595994 ដែលបានស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានកម្លាំងការិយាល័យរបស់លោកឃាត់ខ្លួន និង បានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២១ ដោយជាប់សង្ស័យអំពើទិញពេស្យាចារកុមារ។
លោកវរសេនីយ៍ឯក ជា ហេង បានឲ្យដឹងទៀតថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ មានស្រ្តីចំនួន០៣នាក់ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលត្រូវជាម្តាយរបស់ក្មេងស្រីរងគ្រោះចំនួន០៤នាក់ បានដាក់ពាក្យបណ្ដឹង ប្ដឹងជនជាតិបរទេសម្នាក់ឈ្មោះ Xavier Vincent G ពីបទទិញពេស្យាចារកុមារ ហើយបន្ទាប់ពីទទួលពាក្យបណ្ដឹងរួចមក កម្លាំងរបស់លោកបានធ្វើការសម្ភាសន៍ក្មេងស្រីរងគ្រោះទាំង០៤នាក់ ពួកគេបានឲ្យដឹងថា ជនបរទេសនេះ បានហៅពួកខ្លួនទៅផ្ទះក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ និង បានទិញទូរសព្ទ័ម៉ាកOPPOម្នាក់១គ្រឿងព្រមទាំងបានឲ្យប្រាក់ពី១០ដុល្លារ រហូតឡើងដល់១០០ ដុល្លារ និងបានឲ្យពួកខ្លួនលេងប្រដាប់ភេទគាត់ ហើយគាត់បានលេងប្រដាប់ភេទរបស់ពួកខ្លួនវិញ ព្រមទាំងច្របាច់ដោះ អោបថើប ហើយជនបរទេសនេះបានធ្វើមកលើពួកខ្លួនជាច្រើនលើកក្នុងពេលហៅទៅជួប ។
លោកវរសេនីយ៍ឯក ជា ហេង បានឲ្យដឹងបន្ថែមថា បន្ទាប់ពីទទួលបានចម្លើយពីក្មេងស្រីរងគ្រោះមក លោកបានរាយការទៅព្រះរាជអាជ្ញា សុំដីការបើកការស៊ើបអង្គេតបឋម នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ក៏បានកោះហៅជនបរទេសនោះមកសួរនាំ ហើយគាត់ឆ្លើយថា គាត់ស្គាល់ក្មេងរងគ្រោះទាំង៤នាក់នោះ ពិតប្រាកដមែន និងធ្លាប់បានទិញទូរស័ព្ទឲ្យ , ឲ្យលុយក្មេងៗនោះចាយ , ធ្លាប់ទិញនំចំណីឲ្យនិងធ្លាប់នាំដើរលេងទៅកាន់ភ្នំគូលែន ប៉ុន្តែគាត់មិនបានបំពារបំពានផ្លូវភេទទៅលើកុមារនោះទេ ។
លោកវរសេនីយ៍ឯក ជា ហេង បានឲ្យដឹងបន្ថែមទៀតថា ក្រោយពីធ្វើការសាកសួរ និងពិនិត្យចម្លើយ ដែលស៊ីសង្វាក់គ្នា ទាំងពេលវេលា កន្លែងកើតហេតុ និងការផ្តល់លុយកាក់ និង សម្ភារនោះ លោកព្រះរាជអាជ្ញា មាស ច័ន្ទពិសិទ្ធ បានបញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យតែម្តង ហើយកម្លាំងជំនាញក៏បានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប