រាជធានីភ្នំពេញ ៖ មានករណីហិង្សារមួយបានកើតឡើង ដោយកូនបានវាយទៅលើម្តាយ ឈ្លោះគ្នារឿងដណ្តើមកេរ្ត៍ ក្នុងភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១។
ក្រោយពីទទួលបានព័ត៌មានពីក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាមានករណីហិង្សាក្នុងគ្រួសារ(កូនវាយម្តាយ)ត្រង់ចំណុច ផ្ទះគ្មានលេខ ផ្លូវ១៥១ ស្ថិតក្នុងភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ ក៏បានចុះដល់កន្លែងកើតហេតុ និងបានអញ្ជើញភាគីទាំងសងខាងមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ និងបំភ្លឺ ។
ក្រោយពីធ្វេីការសាកសួររួច ភាគីទាំងសងខាងមិនបានដាក់ពាក្យបណ្តឹងទេ ដោយគ្រាន់តែសម្របសម្រួលគ្នារួចក៏ត្រឡប់ទៅផ្ទះវិញ(ជារឿងដដែលៗឈ្លោះប្រកែកដណ្តើមកេរ្តិ៍មរកជាងមួយឆ្នាំមកហេីយ ស្រាប់តែនៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ភាគីទាំងសងខាងបានមកដាក់ពាក្យបណ្តឹងប្តឹងគ្នាទៅវិញទៅមក ដោយសមត្ថកិច្ចដោះស្រាយមិនបាន លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ ក៏បានសុំបញ្ជូនសំណុំរឿងនេះ មកផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការដោះស្រាយបន្ត ។
ក្រោយមកផ្នែកនគរបាលយុត្តិធម៌ ក៏បានចេញលិខិតអញ្ជើញភាគីទាំងសងខាង មកធ្វេីការសាកសួរ និងបំភ្លឺ នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រហូតមកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ភាគីខាងកូន ឈ្មោះ ប៉ាន់ វណ្ណា មិនព្រមចូលខ្លួនមកបំភ្លឺ តាមការអញ្ជើញរបស់សមត្ថកិច្ចនោះទេ ។
បច្ចុប្បន្ន ផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាក់ការតាមនីតិវិធីច្បាប់ ៕