ឆ្លងចរន្តអគ្គីសនី ឆេះផ្ទះចំនួន០៣ខ្នង អស់ទាំងស្រុង នៅស្រុកកំពង់សៀម
សន្តិសុខសង្គម
219

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៧ និង៣០នាទី មានករណីអគ្គីភ័យកើតឡើង ឆាបឆេះផ្ទះចំនួន ០៣ខ្នង ស្ថិតនៅភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ក្រោយពីបានទទួលព័ត៌មានភ្លាមលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាកម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យខេត្តកំពង់ចាម និងកម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យស្រុកកំពង់សៀម ដោយមានការចូលរួមពីលោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម និងលោកអភិបាលរងស្រុក បានដឹកនាំកងកម្លាំងទាំង៣ ដោយមានកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំដោយលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការ កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងសឹករងស្រុកកំពង់សៀម ។

មន្រ្តីនគរបាលស្រុកកំពង់សៀម បានឲ្យដឹងថា ៖ ប្រជាពលរដ្ឋរងគ្រោះដោយករណីគ្រោះអគ្គីភ័យចំនួន ០៣ខ្នង ១-ផ្ទះរបស់ឈ្មោះ មាស សេង ភេទស្រី អាយុ៨៥ឆ្នាំជាតិខ្មែរ ខូចខាតផ្ទះមួយខ្នងទំហំ ០៤ម×០៤ម ធ្វើពីឈើប្រក់ដែកសង្កសីជញ្ជាំងដែក និងសម្លៀកបំពាក់មួយចំនួន ។ ២-ផ្ទះរបស់ឈ្មោះ ឯក ចាន់ថុន ភេទស្រី អាយុ ៤៥ឆ្នាំ ជាតិខ្មែរ ខូចខាតផ្ទះទំហំ ០៥ម×០៦ម ធ្វើពីឈើប្រក់ដែកសង្កសី ជញ្ជាំងឈើចំនួន០១ខ្នង, ទូរទឹកកកចំនួន០១, ម៉ាសុីនដេរចំនួន០១, ម៉ាសុីនបោកខោអាវចំនួន០១, គ្រែឈើចំនួន០១ និងសម្ភារៈសម្លៀកបំពាក់មួយចំនួន ។ ៣-ផ្ទះរបស់ឈ្មោះ អេង ស្រីណែត ភេទស្រី អាយុ២៣ឆ្នាំ ជាតិខ្មែរ ខូចខាតផ្ទះទំហំ ០៤ម×៥ម ធ្វើពីឈើប្រក់ដែកជញ្ជាំងឈើចំនួន០១ខ្នង និងសម្លារៈសម្លៀកបំពាក់មួយចំនួន ។

ករណីអគ្គីភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី និងមិនបណ្តាលឲ្យរងគ្រោះមនុស្សឡើយ ដោយពន្លត់អគ្គីភ័យរលត់ជាស្ថាពរ ប្រើប្រាស់ឡានពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀមចំនួន ០១គ្រឿង និងឡានពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ០៣គ្រឿង សរុបចំនួន សរុប ០៤គ្រឿង និងប្រើប្រាស់ទឹកអស់ ០៤ រថយន្ត ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ


Telegram