រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូលឿនដូចហោះ ទៅបុកនឹងរម៉កអេតចាយ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រូពេទ្យធ្វើការសង្គ្រោះបឋម កាលពីវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមព័ត៌មានបឋម ពីសមត្ថកិច្ចជំនាញរបស់អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ម៉ូតូឌ្រីមសេ១២៥ មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 1IE 3163 បើកបរដោយយុវជនម្នាក់ ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹងរទេះដឹកអេតចាយ បណ្ដាលឲ្យរបួសធ្ងន់ ត្រូវបានក្រុមគ្រូពេទ្យធ្វើការសង្គ្រោះបឋមភ្លាមៗផងដែរ ដោយប្រជាពលរដ្ឋបានជួយសង្គ្រោះ និងឆែកមើលលើខ្លួនប្រាណ របស់ជនរងគ្រោះ ឃើញមានអត្តសញ្ញាណប័ណ្ណ និងប័ណ្ណសំគាល់របស់សមត្ថកិច្ចនគរបាល ដោយជនរងគ្រោះឈ្មោះ អ៊ុ សុខសុវណ្ណា ស្រុកកំណើតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ និងជាមន្ត្រីអន្តរាគមន៍ ថ្ងៃខែឆ្នាំកំណើតថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០០២ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍របស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានព្យាយាមហៅរថយន្តសាមុយ មកជួយសង្គ្រោះបឋមយកជនរងគ្រោះដឹកទៅកាន់មន្ទីរពេទ្យ។ ចំណែកម៉ូតូរបស់ជនរងគ្រោះ ត្រូវបានទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំសាច់ញាតិមកទទួលយក ៕