រាជធានីភ្នំពេញ៖ ពិតជារន្ធត់ណាស់ បុរសម្នាក់ បានស្លាប់ភ្លាមៗយ៉ាងរន្ធត់ ក្នុងថ្លុកឈាម ខណៈជិះម៉ូតូក្នុងល្បឿនលឿន មកបុកចំពីមុខចំហៀងរថយន្តមួយទៀតដែលបើកបញ្ច្រាស់ផ្លូវនិងទិសចរាចរណ៍ បោកក្បាលដួលអូសចូលក្រោមរថយន្តមួយគ្រឿងទៀត ដែលកំពុងតែចតអែមខាងត្បូងជាយផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងរន្ធត់ ហើយរថយន្តទី១នោះ ក៏បានបន្តល្បឿនរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ៥និង២៧នាទីល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចលើផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ខណ្ឌដង្កោ ដែលក្រុមការងារ TVFB ទទួលបានបញ្ជាក់ថា មុនពេលកើតហេតុ គឺមាន ភាគីរថយន្តពុំស្គាល់ម៉ាក ពុំស្គាល់ផ្លាកលេខ អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ បានធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសផ្លូវ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូមួយគ្រឿងម៉ាក KTM DUKE ពណ៌ខ្មៅ-ស ពាក់ស្លាកលេខ ភ្នំពេញ 1CZ-0003 បើកបរដោយឈ្មោះ វី វាស្នា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ជាងភ្លើង មានទីលំនៅភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសទិសគ្នាពីលិចទៅកើត មកបុកពីមុខចំហៀងខាងឆ្វេង ហើយដួលបោកអូសចូលក្រោមរថយន្តមួយគ្រឿងទៀតម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C-6192 ដែលចតអែបខាងត្បូងនៃជាយផ្លូវ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង ។ ភ្លាមៗរថយន្តទី១ មិនចាំម៉ាកនោះ ក៏បានបន្តល្បឿនជិះរត់គេចខ្លួនបាត់ សល់តែម៉ូតូជនរងគ្រោះ និងភាគីររថយន្តទី២ ដែលចតចោលនោះតែប៉ុណ្ណោះ ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ករណីនេះ កើតឡើងដោយសារតែរថយន្តបង្កទី១ ដែលបើកបរបញ្ច្រាស់ទិសចរាចរណ៍ ទើបមានអ្នកស្លាប់បែបនេះ ហើយពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមរករថយន្តខាងលើ ដើម្បីចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់។
ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោក ខណ្ឌដង្កោ សហការជាមួយនគរបាលចរាចរណ៍ជំនាញ ផ្លូវគោក រាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែង យករត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕