យោងតាមផេក ៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានបញ្ជាក់ថា មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកោះកុង ខេត្តព្រៃវែង និងខេត្តកណ្តាល សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីបានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងតាមដានទំនិញក្លែងក្លាយ នៅតាមបណ្តាផ្សារ ឱសថស្ថាន និងម៉ាត ក្នុងខេត្តកោះកុង ខេត្តព្រៃវែង និងខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ។
នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានដកយកគំរូមួយចំនួនមកធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
លទ្ធផល៖
+ ខេត្តកោះកុង : មន្ត្រីជំនាញបានរកឃើញអាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ប្រមាណ ៣៦លីត្រ។
+ ខេត្តព្រៃវែង : មន្ត្រីជំនាញបានរកឃើញ អាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ប្រមាណ ៨២លីត្រ។
+ ខេត្តកណ្តាល : មន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយឡើយ។
បន្ទាប់មកមន្ត្រីជំនាញសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូតអាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល)ទាំងនោះយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី និងបានដកយកគំរូចំនួន ៣៥គំរូ ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. វិភាគរកសារធាតុមេតាណុលបន្តទៀត ៕