ក្លែងក្លាយសោះ! សមត្ថកិច្ចខណ្ឌដង្កោ សហការជាមួយនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនប៉ូលិសក្លែងក្លាយ៤នាក់
សន្តិសុខសង្គម
416

រាជធានីភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បើកការស្រាវជ្រាវឈានដក់លារចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់បានជាបន្តបន្ទាប់ ករណីក្លែង ឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ជិះរថយន្តអត់ស្លាកលេខ អុកឡុកប្រជាពលរដ្ឋ ហើយត្រូវបានចាប់ឃាត់ខ្លួននៅវេលាយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិគំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចខណ្ឌដង្កោ បានប្រាប់មកកាន់ TVFB ឲ្យដឹងថា ដំបូងឡើយ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ករណីអុកឡុកខាងលើ លុះពេលសមត្ថកិច្ចមូលដ្ឋាន សួរនាំទៅកាន់ជនសង្ស័យស្លៀកឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ និងមានការសម្គាល់នគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ពាក់ស័ក្តិសុទ្ធតែ វរសេនីយ៍ទោ និងវរសេនីយ៍ត្រី តែជនសង្ស័យទាំងនេះ មិនញញើតកោតក្រែងសមត្ថកិច្ចសោះ ពោលគឺអង្គុយចុចទូរសព្ទធ្វើព្រងើយ មិនខ្វល់សូម្បីមួយមាត់។

ក្រោយមក លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានរាយការណ៍ជូនថ្នាក់លើ ដើម្បីសុំគោលការណ៍ ព្រោះតែជនសង្ស័យទាំងនោះ ស្លៀកឯកសណ្ឋាននិងមានកាតសម្គាល់ខ្លួនជាមន្ត្រីនគរបាលជាតិ ទើបសមត្ថកិច្ចពិបាកធ្វើការ។

សមត្ថកិច្ចបានប្រាប់មកកាន់ TVFB ទៀតថា បន្ទាប់ពីទទួលបានបទបញ្ជាពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកគ្រឿងញៀននៃក្រសួងមហាផ្ទៃ ទើបកម្លាំងជំនាញខណ្ឌដង្កោ ស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ រួមទាំងដកហូតវត្ថុតាង មានទាំង ឯកសណ្ឋាននគរបាលជាតិ និងកាតសម្គាល់ខ្លួនរបស់ជនសង្ស័យខាងលើផងដែរ បញ្ជូនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕


Telegram