ខេត្តកំពង់ឆ្នាំង៖ កម្លាំងការិយាល័យជួញដូរមនុស្សអ.ហខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបនិងឃាត់ខ្លួនបុរសម្នាក់ជាក់ស្តែង ខណៈប្រើហិង្សារទៅលើប្រពន្ធ រួចយកកាំបិតបុ័ងតោ គំរាមអារ .កសម្លាប់ ព្រោះតែភ្លើងប្រច័ណ្ឌ កាលពីវេលាម៉ោង២និង១០នាទី រសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះ ក្នុងភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ផេក បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ការចុះទៅឃាត់ខ្លួននេះ គឺមានការ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ប៊ុត ធឿន នាយការិយាល័យព្រហ្មទណ្ឌ ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអ.ហខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ផងដែរ។
ជនសង្ស័យរូបនេះ មានឈ្មោះ លី ម៉ារ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រើអំពើហឹង្សា ដោយបានយកដំបងឬស្សីវាយទៅលើប្រពន្ធជាច្រើនកន្លែង និងបានយកកាំបិទបុ័ងតោ គំរាមអារ.កសម្លាប់ចោល នៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិខាងលើ ដោយសារតែភ្លើងប្រច័ណ្ឌទៅលើប្រពន្ធ។
ក្នុងនោះសមត្ថកិច្ចក៏បានដកហូត ដំបងឬស្សី ប្រវែង៥០ស.ម និងកាំបិតបុ័ងតោចំនួន ០១ផងដែរ ។ ពេលនេះជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕