ក្រោយមានការរិះគន់យ៉ាងចាស់ដៃលើឃ្លីបវីដេអូ បុរសម្នាក់អូសរទេះសំរាមមកបោះចោលក្នុងស្ទឹង អាជ្ញាធរកោះហៅបុរសនោះមកធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់
សន្តិសុខសង្គម
349

ខេត្តបាត់ដំបង ៖ ក្រោយពីមានការរិះគន់យ៉ាងចាស់ដៃ លើឃ្លីបវីដេអូ ដែលបុរសម្នាក់ បានអូសរទេះ ដឹកសំរាមមកចោល ក្នុងស្ទឹងនៅស្រុកបវល ពេញលើបណ្តាញសង្គម ដែលជាហេតុធ្វើឲ្យប៉ះពាល់ខ្លាំងដល់បរិស្ថាន អនាម័យ ពេលនេះអាជ្ញាធរ ឃុំល្វា បានធ្វើការកោះហៅបុរសរូបនោះ មកធ្វើការអប់រំណែនាំឲ្យបញ្ឈប់សកម្មភាពបន្តទៀត

ក្នុងនោះ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា កាលពីនៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០២១ វេលាម៉ោង ៩ព្រឹក បុរសឈ្មោះ ផុន សំ ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិល្វាចាស់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង កោះហៅមកធ្វើការសាកសួរទាក់ទងនឹងករណី ដឹកសំរាមយកមកចោលក្នុង ទឹកស្ទឹង បង្កឱ្យមានការរិះគន់ពីមជ្ឈដ្ឋានអ្នកប្រើប្រាស់បណ្តាញសង្គម។

ជាក់ស្តែងបុរសឈ្មោះ ផុន សំ អាយុ៣០ឆ្នាំ មុខរបរស៊ីឈ្នួលអូសសំរាម បានប្រាប់មកកាន់អាជ្ញាធរ ក្នុងកំណត់ហេតុ ថា គាត់បានស៊ីឈ្នួលអូសសំរាមគេនៅតាមផ្សាររាល់ថ្ងៃ យកទៅចោលនៅចំណុចស្ពានល្វាមួយរយៈ គេឲ្យប្រាក់ ៣ពាន់រៀល គាត់ក៏យកទៅចោលរាល់ថ្ងៃ ។ គាត់សន្យាថា នឹងឈប់យកសំរាមទៅចាក់ចោលទីនោះទៀតហើយ បើសិនជាឃើញថ្ងៃក្រោយ គាត់សូមទទួលខុសត្រូវចំពោះមុខច្បាប់ ។

ក្រោយពីបានសារភាពទទួលស្គាល់នូវកំហុស ឆ្គងរបស់គាត់ អាជ្ញាធរឃុំបានធ្វើកិច្ចសន្យាអប់រំ ណែនាំឲ្យបញ្ឈប់សកម្មភាពបែបនេះជាបន្តទៀត ៕


Telegram