ខេត្តតាកែវ៖ យុវជនម្នាក់បានស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ដាច់ប្រអប់ដៃម្ខាងចេញពីគ្នា ក្បាលនិងដងខ្លួនត្រូវបានជនដៃដល់ ត្រូវបានគេស្គាល់ថាជាបងបង្កើតនឹងគ្នា២នាក់ ចូលមកកាប់សម្លាប់ដល់ក្រោមផ្ទះរបស់ជនរងគ្រោះតែម្តង រួចប្រញាប់រត់គេចខ្លួនបាត់ស្រមោល ។
អធិការនគរបាលស្រុកបាទី បានបញ្ជាក់ថា ករណីឃាតកម្មគិតទុកជាមុននេះ បានកើតឡើង កាលពីវេលាម៉ោង ១០ និង៤០នាទី យប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។
បើតាមសម្តីរបស់ ឪពុកម្ដាយរបស់ជនរងគ្រោះ បានបញ្ជាក់ប្រាប់ TVFB ឲ្យដឹងថា ជនរងគ្រោះជាក្មួយបង្កើតរបស់គាត់ ដែលត្រូវគេកាប់សម្លាប់ដល់ក្រោមផ្ទះនេះ មានឈ្មោះ មាំ ខែមរៈ ភេទប្រុស អាយុ២៧ឆ្នាំ ជាពោះម៉ាយ ធ្លាប់បួសជាសង្ឃ ស្នាក់នៅផ្ទះកើតហេតុខាងលើ ត្រូវបានជនដៃដល់២នាក់ បងប្អូនបង្កើត រស់នៅជាប់របងជាមួយគ្នា បានផ្លោះរបង ចូលមកកាប់ជនរងគ្រោះជាក្មួយរបស់គាត់ ដល់ខាងក្រោមផ្ទះ ខណៈដែលក្មួយរបស់គាត់កំពុងតែអង្គុយនៅលើគ្រែខាងក្រោមផ្ទះ។
ឪពុកមារបស់ជនរងគ្រោះ បានបញ្ជាក់ថា ក្មួយរបស់គាត់ ត្រូវបានឃាតករ ដែលប្រដាប់ដោយដាវស៊ាំម៉ូរ៉ៃ កាប់ចំជាច្រើនកន្លែង និងដាច់កដៃមួយចំហៀង ខ្ទាតចេញពីគ្នា កំបុតឆ្កុយ កញ្ចឹងក កាប់ដាច់មួយចំហៀង ក្បាលក៏កាប់ត្រូវ ស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ហើយជនដៃដល់ទាំងនោះ បានរត់គេចខ្លួនបាត់ ដោយមានបក្ខពួកម្នាក់ផ្សេងទៀតជាអ្នកជិះម៉ូតូបិទគូទពីក្រោយ ។
ក្នុងនោះបើតាមរបាយការណ៍របស់សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបាទី បានបញ្ជាក់ថា មូលហេតុ ដែលឈានដល់ការកាប់សម្លាប់គ្នាបែបនេះ គឺផ្តើមចេញពីទំនាស់ពាក្យសម្ដីគ្នា ពេលលេងបាល់ទះ ជាមួយជនដៃដល់ទាំងនោះតាំងពីរសៀល លុះយប់ឡើងក៏ផ្លោះរបងចូលកាប់តែម្តង ។
បន្ទាប់ពីកើតហេតុភ្លាមៗ ក្រុមគ្រួសារជនរងគ្រោះ បានប្រញាប់រាយការណ៍ជូនកម្លាំងសមត្ថកិច្ចនគរបាលឃុំកុមារាជា ក៏ដូចជាកម្លាំងជំនាញការដ្ឋាននគរបាលស្រុកបាទី បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបានធ្វើការពិនិត្យកោសល្យវិច័យចំពោះសពខាងលើ និងកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ តាមចាប់ជនដៃដល់ទាំង២នាក់បន្តទៀត ខណៈគ្រួសារជនរងគ្រោះសូមណូមពរ ឲ្យសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបាទី ក៏ដូចជា ស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមជួយរកយុត្តិធម៌ជូនកូនក្មួយរបស់គាត់ផង ៕