ក្រសួងព័ត៌មាននឹងបន្ដផ្សព្វ ផ្សាយព័ត៌មាននិងព្រឹត្តការណ៍ថ្មីៗឲ្យបានកាន់តែល្អបន្ថែមទៀត ដើម្បីបម្រើដល់អារម្មណ៍ប្រជាពលរដ្ឋ
សន្តិសុខសង្គម
89

រាជធានីភ្នំពេញ ៖ ក្រសួងព័ត៌មាននឹងបន្ដផ្សព្វផ្សាយព័ត៌មាននិងព្រឹត្តការណ៍ថ្មីៗឲ្យបានកាន់តែល្អបន្ថែមទៀត ដើម្បីបម្រើទៅដល់អារម្មណ៍ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

នៅក្នុងឱកាសនៃកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ រាល់លទ្ធផលការងារទាំងឡាយ ដែលអង្គភាពទាំងអស់នៃក្រសួងព័ត៌មាន បាន បំពេញក្នុង ១ សប្តាហ៍កន្លងមកនេះ ។

ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានណែនាំឲ្យប្រព័ន្ធផ្សព្វ ផ្សាយរបស់ជាតិ បន្តផ្សាយនូវកម្មវិធីរបស់ខ្លួន ឲ្យបានកាន់តែល្អបន្ថែមទៀត ពិសេសរាល់កម្មវិធី ផ្សាយផ្ទាល់នូវរាល់ព្រឹត្តការណ៍ផ្សេងៗ ឲ្យប្រព្រឹត្តទៅដោយរលូន ប្រកបដោយគុណភាព ដែលជាការបម្រើទៅដល់អារម្មណ៍ទស្សនិកជនដែលបានទស្សនាបានល្អនិងជក់ ចិត្ត ។

ឯកឧត្តម ក៏បានណែនាំដល់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ត្រូវ បន្តនិរន្តរភាព កម្មវិធីសន្ទនាមតិ ជីវិតយើង សង្គមយើង តាមរយៈការអញ្ជើញវាគ្មិននានាចូលរួម ក្នុងនោះសម្រាប់ទីប្រឹក្សាក្រសួងព័ត៌មាន ដែលមានបទពិសោធន៍ និងមានស្នាដៃផ្សេងៗ ដែលបានបំពេញកិច្ចការងារក្នុងរយៈ ពេលកន្លងមក ចូលរួមបញ្ចេញមតិយោយល់ ដើម្បីឲ្យអ្នកបន្តវេនទទួលបានបទពិសោធន៍ និងការយល់ដឹងពីកិច្ចការងារទាំងនោះ កាន់តែស៊ីជម្រៅ បន្ថែមទៀត។

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មានបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានណែនាំ និងផ្តល់នូវអនុសាសន៍មួយចំនួន ដល់ថ្នាក់ដឹកនាំ និង បណ្តាអគ្គនាយកដ្ឋានទាំង ៥ ក្នុងនោះសម្រាប់គណ:កម្មការផ្សព្វផ្សាយ ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ សិក្សាស្វែងយល់និងដកស្រង់បទពិសោធន៏ នៃដំណើរការ ផ្សព្វផ្សាយ អំពីការរៀបចំប្រកួតកីឡាស៊ីហ្គេម ដែលធ្វើឡើងនៅក្នុងប្រទេសហ្វីលីពីន ក្នុងពេលកន្លងមកនេះ និងការដែលប្រទេសវៀតណាម គ្រោងធ្វើនៅចុងឆ្នាំ២០២១ ខាងមុខនេះ ។ ទន្ទឹមនេះ ក៏ត្រូវដកបទពិសោធន៍ ការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងការយល់ដឹងពីការចុះឈ្មោះអ្នកសារព័ត៌មាន ការរៀបចំមណ្ឌលព័ត៌មាន ការគ្រប់គ្រងអ្នកសារព័ត៌មាន ដើម្បីជាការឆ្លើយតប និងមានប្រសិទ្ធភាព ក្នុងការអនុវត្តន៏ការងារ ពិសេសធ្វើយ៉ាងណាឲ្យស្រប តាមគន្លងថ្មី សម្រាប់ការបំពេញកិច្ចការងារ ក្នុងបរិបទ នៃការរីករាល ដាលជំងឺកូវីដ-១៩ ។

ជាមួយគ្នានេះដែរ សម្រាប់គណ:កម្មការបណ្តុះបណ្តាល គណ:កម្មការ និតិកម្ម និងទំនាក់ទំនងអន្តរជាតិ ត្រូវធ្វើយ៉ាងណា ឲ្យរាល់ដំណើរការងាររបស់ខ្លួនកាន់តែ មានប្រសិទ្ធភាព ដោយត្រូវយកចិត្តទុកដាក់ធ្វើការពិនិត្យ មើលនៅក្នុងការអនុវត្តន៍ការងារ និង ពង្រឹងពង្រីកនូវរាល់កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៏ និងសង្គមស៊ីវិល ដើម្បីធ្វើ យ៉ាងណាឲ្យកិច្ចសហការ នោះ មានតម្លាភាព ស្មើភាព និងមានប្រសិទ្ធភាពផងដែរ ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី៣ នៃខែមិថុនា ឆ្នាំ២០២១របស់ ថ្នាក់ដឹកនាំក្រសួងព័ត៌មាននេះ ធ្វើឡើងជាលក្ខណៈ Hybrid ប្រជុំដោយផ្ទាល់ខ្លះ តាមប្រព័ន្ធ Zoom ខ្លះ ។សម្រាប់លេខាកត់ត្រាទាំងអស់ចូលរួមប្រជុំ នឹងកត់ត្រា តាមរយៈប្រព័ន្ធZoom នៅតាមបន្ទប់ រៀងៗខ្លួន ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ៕


Telegram