ខេត្តត្បូងឃ្មុំ ៖ អគ្គិភ័យមួយបានឆាបឆេះ ឃ្លាំង ស្តុក កង់ ឡាន ចាស់ ៗ យ៉ាងសន្ធោសន្ធៅ ហ៊ុយផ្សែងគួចឡើងលើអាកាស ផ្អើលអស់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ធ្វើការបាញ់ពន្លត់ កាលពីវេលាម៉ោង១១ និង៤៥នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ថាមានករណីអគ្គិភ័យមួយកន្លែង លោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាទៅលោក ស៊ុយ ប៊ុនហ៊ាន ស្នងការរងទទួលផែនការងារអគ្គិភ័យ និងអាវុធជាតិផ្ទុះ និងរថយន្ដទឹកពន្លត់អគ្គីភ័យ ក្រុង ស្រុក មួយចំនួនចេញពីជួយជាបន្ទាន់ ដោយអគ្គិភ័យនេះបានឆេះសំបកកង់រថយន្តចាស់ៗ ក្នុងឃ្លាំងស្តុកសំបករថយន្តខាងលើ ដែលមានអ្នកគ្រប់គ្រងឈ្មោះ ព្រាប ចាន់ ភេទប្រុស អាយុ៥១ឆ្នាំ បណ្តាលឲ្យរងការខូចខាត៖ ឃ្លាំងធ្វើអំពីឈើប្រក់សង្កសីទហំ ៨ម x១៨ម ខូចទាំងស្រុង, គ្រឿងឈើមួយចំនួន, ទូដែកចំនួន ២គ្រឿង, គ្រែចំនួន ០១គ្រឿង, ប្រាក់ចំនួន ២,០០០,០០០ រៀល, សៀវភៅគ្រួសា និងសំបុត្រកំណើត តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ ។
ក្នុងករណីនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន 0៧គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ៣២រថយន្ត (ក្នុងនោះរថយន្តរបស់ខេត្ត ០២គ្រឿង រថយន្តស្រុកពញាក្រែក ០១គ្រឿង រថយន្តស្រុកត្បូងឃ្មុំ ០១គ្រឿង រថយន្តក្រុងសួង ០១គ្រឿង រថយន្តស្រុកតំបែរ ០១គ្រឿង រថយន្តស្រុកមេមត់ ០១គ្រឿង) ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ។ ចំណែកមូលហេតុបណ្តាលមកពីការទុស្សេខ្សែភ្លើង ៕