រាជធានីភ្នំពេញ៖ បុរសម្នាក់ បើករថយន្តស៊េរីទំនើប សង្ស័យងោកមួយភាំង រេចង្កូតបុកដើមត្រខុប បណ្តាលឲ្យបាក់អស់២ដើម ចំណែករថយន្តមិនទាន់អស់ល្បឿន ជ្រុលទៅបុករបងដីឡូត៍បន្តទៀត បណ្តាលឲ្យរងការខូចខាត និងក្រឡាប់បះជើងច្រង៉ាង បណ្ដាលឲ្យអ្នកបើកបររបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ និង៥០នាទី រសៀលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងព្រៃស ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក FORD RANGER ពណ៌ស មួយគ្រឿង បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមណ្ដោយផ្លូវបេតុងព្រៃស ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ សង្ស័យងោកមួយភាំង រេចង្កូតទៅបុកដើមត្រខុបបាក់អស់២ដើម ហើយរថយន្តមិនទាន់អស់ល្បឿនជ្រុលទៅបុករបងដីឡូត៍បន្តទៀតរងការខូចខាត ចំណែករថយន្តក្រឡាប់បះជើងបណ្ដាលឲ្យអ្នកបើកបររបួសស្រាល រួចបានហៅរម៉កកង់បី មកដឹកយកទៅព្យាបាលដោយខ្លួនឯង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញផ្នែកនគរបាលចរាចរណ៍ខណ្ឌដង្កោ ធ្វើការវាស់វែងហៅរថយន្តស្ទូចមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការខណ្ឌដង្កោរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយតាមច្បាប់បន្តទៀត៕ មេសា